(ព្រៃវែង)៖ នៅព្រឹកថ្ងៃទី២៤ កុម្ភៈ ឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ នាយករងទីចាត់ការឃោសនា-ព័ត៌មាន អគ្គបញ្ជាការ បានធ្វើបទបង្ហាញស្តីពីការផលិត និងការផ្សព្វផ្សាយវិជ្ជាជីវៈសារព័ត៌មានក្នុងសម័យកាលឌីជីថល ដល់សិក្ខាកាមវគ្គយន្តការីជំនាន់ទី២៣ និងវគ្គជំនាញភស្តុភាជំនាន់ទី២ នៅសាលាបើកបរ និងយន្តការី ស្ថិតនៅស្រុកបាភ្នំ ខេត្តព្រៃវែង។
ក្នុងឱកាសនោះ ឧត្ដមសេនីយ៍ទោ ថោង សូលីម៉ូ បានលើកឡើងថា ការប្រើប្រាស់បណ្ដាញសង្គម គឺជាផ្នែកមួយនៃសេរីភាពបញ្ចេញមតិរបស់មនុស្សគ្រប់គ្នា។ លោកឧត្តមសេនីយ៍ បញ្ជាក់ថា ជាសេរីភាពក៏ពិតមែន ប៉ុន្តែទាំងអស់គ្នាត្រូវយល់ថា សេរីភាពនេះក៏គួរតែមានដែនកំណត់ និងមិនត្រូវប៉ះពាល់ដល់សិទ្ធិសេរីភាពរបស់អ្នកដទៃឡើយ។
លោកឧត្តមសេនីយ៍ទោ បានប្រាប់អ្នកប្រើប្រាស់បណ្តាញសង្គមត្រូវតែពិចារណាខ្ពស់មុននឹងបញ្ចេញសកម្មភាពផ្សេងៗនៅលើបណ្ដាញសង្គម ធ្វើយ៉ាងណាកុំឱ្យប៉ះពាល់ដល់អ្នកដទៃ ពោលគឺ មុនពេលចែករំលែកព័ត៌មានបន្ត អ្នកប្រើប្រាស់ត្រូវប្រើពេលវេលាពិចារណាឱ្យបានល្អិនល្អន់ ឬស្វែងរកឬគល់នៃព័ត៌មានជាមុនសិន ថាតើប្រភពព័ត៌មាននោះអាចជឿទុកចិត្តបានដែរឬទេ៕