អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

ឯកឧត្តម វង្ស ពិសេន ជំរុញដល់មន្រ្តីគណបក្សឲ្យបន្តយកចិត្តទុកដាក់ការពង្រឹងសន្តិសុខសង្គម និងបង្កើនស្មារតីទទួលខុសត្រូវនៅមូលដ្ឋាន

(ព្រៃវែង)៖ ឯកឧត្តម វង្ស ពិសេន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកពារាំង ខេត្តព្រៃវែងបានជំរុញដល់មន្រ្តីគណបក្សនៅមូលដ្ឋានបន្តយកចិត្តទុកដាក់រក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គមឲ្យបានល្អ អំពីគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដោយមន្ត្រីបក្សគ្រប់ថ្នាក់ត្រូវបន្តខិតខំពង្រីកសមត្ថភាព និងបង្កើនស្មារតីទទួលខុសត្រូវ។

ការជំរុញរបស់ឯកឧត្តម វង្ស ពិសេន ធ្វើឡើងក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបសកម្មភាពការងារគណបក្សស្រុកពារាំងប្រចាំខែវិច្ឆិកា និងលើកទិសដៅអនុវត្តបន្តខែធ្នូ ឆ្នាំ២០២៣ នាព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្នាក់ការគណបក្សស្រុក។

ឯកឧត្តម បានផ្ដាំផ្ញើដល់មន្ត្រីគណបក្សគ្រប់ថ្នាក់ឲ្យបន្តយកចិត្តទុកដាក់ពង្រឹងពង្រីកអង្គការចាត់តាំង និងកម្លាំងនយោបាយបក្សជាប្រចាំ ក្នុងនោះត្រូវធ្វើអំពើល្អជាមួយប្រជាពលរដ្ឋ តាមរយៈការជួយការងារកសិកម្ម ការងារដាំដុះ ចិញ្ចឹមសត្វ និងការថែទាំសុខភាពជូនប្រជាពលរដ្ឋជាដើម។

បន្ថែមលើនេះ ឯកឧត្តម ក៏បានផ្តាំផ្ញើមន្ត្រីគណបក្សបន្តធ្វើការផ្សព្វផ្សាយពីសមិទ្ធផលដែលរាជរដ្ឋាភិបាលសម្រេចបាន រួមមាន ការពង្រឹងគុណភាពវិស័យអប់រំ វិស័យកសិកម្ម ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ការទប់ស្កាត់គ្រឿងញៀន ការងារបរិស្ថានតាមសាលា ការផ្តល់លទ្ធភាពអ្នកប្រលងជាប់និងធ្លាក់បន្តការបណ្តុះបណ្តាលមុខជំនាញវិជ្ជាជីវ:ផ្សេងៗ៕