អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

នាយឧត្ដមសេនីយ៍ វង្ស ពិសេន៖ កងយោធពលខេមរភូមិន្ទ កំពុងបន្តកំណែទម្រង់ឥតរាថយ បើទោះបីប្រឈមការលំបាកមួយចំនួនយ៉ាងណាក្តី

(ភ្នំពេញ)៖ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ថ្លែងថា កងយោធពលខេមរភូមិន្ទ បាននិងកំពុងអនុវត្តផែនការកំណែទម្រង់ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងតម្រូវការចាំបាច់នានា ហើយការអនុវត្តផែនការកំណែទម្រង់ឱ្យកាន់តែស៊ីជម្រៅនេះនៅតែបន្តទៅមុខមិនដកថយឡើយ បើទោះបីជាប្រឈមទៅនឹងបញ្ហាលំបាកមួយចំនួនយ៉ាងណាក្តី។

ការថ្លែងបែបនេះ របស់នាយឧត្តមសេនីយ៍ វង្ស ពិសេន ធ្វើឡើងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងទិសដៅអនុវត្តការងារឆ្នាំ២០២៤ របស់កងយោធពលខេមរភូមិន្ទ ដែលបានប្រព្រឹត្តទៅនារសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ នៅទីបញ្ជាការកងពលតូចលេខ៧០។

នាយឧត្តមសេនីយ៍ បានគូសបញ្ជាក់ថា ដើម្បីធានាប្រសិទ្ធភាពគុណភាពការងារ និងសម្រាលបន្ទុកការចំណាយរបស់រាជរដ្ឋាភិបាលដែលមិនចាំបាច់ គ្រប់អង្គការចាត់តាំងកងទ័ពត្រូវបន្តពង្រឹងប្រព័ន្ធគ្រប់គ្រងដឹកនាំបញ្ជា កិច្ចការបទដ្ឋានបច្ចេកទេស និងកិច្ចការរដ្ឋបាលឱ្យកាន់តែល្អប្រសើរ ធ្វើយ៉ាងណាសម្រួលភាពស្មុគស្មាញនៃ ការិយាធិបតេយ្យ ដោយត្រូវគោរពឋានានុក្រម និងតួនាទីភារកិច្ចរបស់ស្ថាប័ន អង្គភាពនីមួយៗ។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលល្អប្រសើរ ដែលកងយោធពលខេមរភូមិន្ទទទួលបានក្នុងរយៈពេលជាង៥ឆ្នាំកន្លងមក ដោយនាយឧត្តមសនីយ៍ បានណែនាំឲ្យគ្រប់ស្ថាប័ន កងឯកភាព ត្រូវបន្តកំណែទម្រង់ដ៏ស៊ីជម្រៅនេះតទៅទៀតសំដៅធ្វើឱ្យកងយោធពលខេមរភូមិន្ទ រៀបរយល្អ ទំនើប និង មានប្រសិទ្ធភាព។

«គ្មានកំណែទម្រង់ណាមួយដែលងាយស្រួល និងមិនប៉ះពាល់នោះឡើយា។ កំណែទម្រង់ត្រូវមានការលះបង់ មានការប្តេជ្ញាចិត្តខ្ពស់ ចូលរួមដោយផ្អែកលើចក្ខុវិស័យច្បាស់លាស់ វែងឆ្ងាយ និងតម្កល់ផលប្រយោជន៍ជាតិជាធំ។ ការកែទម្រង់កងទ័ពត្រូវគិតអំពីគោលការណ៍ច្បាប់ ស្ថានភាពនយោបាយ និង សេដ្ឋកិច្ចជាតិ»។ នេះជាការបញ្ជាក់របស់ នាយឧត្តមសេនីយ៍ វង្ស ពិសេន។

នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បន្តថា កត្តាទាំងនេះទាមទារឱ្យទាំងអស់គ្នារិះរកគន្លឹះសម្រាប់ដោះស្រាយឱ្យសមស្រប ហើយសន្និបាតនាពេលនេះគឺជាឱកាសដ៏មានសារៈសំខាន់ ដើម្បីត្រួតពិនិត្យវាយតម្លៃលទ្ធផលការងារឆ្នាំ២០២៣ បន្តពិភាក្សាផ្លាស់ប្តូរយោបល់ និងបទពិសោធន៍ល្អៗ រកឱ្យឃើញបញ្ហាប្រឈមនានា រួមគ្នាដោះស្រាយសម្រាប់ជាត្រីវិស័យតម្រង់ទិសក្នុងការដាក់ចេញវិធានការគន្លឹះ សំដៅសម្រេចបានទិសដៅការងារឆ្នាំ២០២៤៕