អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

ការកសាងកងយោធពលខេមរភូមិន្ទឱ្យក្លាយជាកម្លាំងរៀបរយ និងមានប្រសិទ្ធភាព ចាំបាច់ត្រូវធ្វើទំនើបកម្មជាអទិភាព!

(ភ្នំពេញ)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នៅរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីភាពនៅក្នុងអង្គសិក្ខាសាលាបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២៤ របស់បញ្ជាការដ្ឋានកងទ័ពជើងអាកាស ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំរបស់ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន កងទ័ពជើងអាកាស ដែលបានបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវ និងសម្រេចបានស្នាដៃ សមិទ្ធផលជាច្រើនក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះ។

ឯកឧត្តមបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលប្រសូតចេញពីការបោះឆ្នោតតាមលទ្ធិប្រជាធិបតេយ្យ បានបន្តដឹកនាំនាវាកម្ពុជា ធានាបាននិរន្តរភាពជាតិ សន្តិភាព ស្ថិរភាព ដែលជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍប្រទេសជាតិឲ្យរីកចម្រើន។

«ដោយឡែកលើវិស័យការពារជាតិ ការសាងកងយោធពលខេមរភូមិន្ទឱ្យក្លាយជាកម្លាំងរៀបរយ មានប្រសិទ្ធភាពក្នុងការប្រយុទ្ធ និងស្រួចស្រាល់ ចាំបាច់ត្រូវធ្វើទំនើបកម្មជាអទិភាពដល់ទ័ពជំនាញមួយចំនួន»។ នេះជាការបញ្ជាក់របស់ ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន។

ឯកឧត្តមអគ្គមេបញ្ជាការបន្តថា ការកសាងកម្លាំងការពារអាកាសឱ្យក្លាយទៅជាកម្លាំងមួយដែលមានលក្ខណៈទំនើប ទាន់សម័យ គឺជាគោលដៅដ៏ធំចម្បងរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើយ៉ាងណាឆ្លើយតបតាមសំណូមពរភារកិច្ចប្រយុទ្ធការពារជាតិមាតុភូមិ នៅក្នុងដំណាក់កាលថ្មីនាពេលបច្ចុប្បន្ន។

ឯកឧត្តម អគ្គមេបញ្ជាការ បានលើកឡើងពីសារៈសំខាន់របស់អង្គសិក្ខាសាលាថ្ងៃនេះ ដែលជាឱកាសក្នុងការរួមគ្នាពិភាក្សា ផ្លាស់ប្តូរយោបល់ បទពិសោធន៍និងអនុសាសន៍ល្អៗ កែលម្អចំណុចខ្វះខាត និងរកឱ្យឃើញបញ្ហាប្រឈមនានា ដើម្បីរួមគ្នាដោះស្រាយសម្រាប់ជាត្រីវិស័យតម្រង់ទិស និងដាក់ចេញវិធានការគន្លឹះ សំដៅសម្រេចបានស្នាដៃជាច្រើនទៀតក្នុងឆ្នាំ២០២៤។

ឯកឧត្តម បានថ្លែងគាំទ្រ និងលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន កងទ័ពជើងអាកាស ក៏ដូចជាកងយោធាលខេមរភូមិន្ន ឲ្យបន្តខិតខំបំពេញការកិច្ចទទួលបានជោគជ័យថែមទៀត រួមចំណែកបង្កើនល្បឿនកំណែទម្រង់កងយោធពលខេមរភូមិន្ទឱ្យកាន់តែទំនើប រៀបរយ មានវិជ្ជាជីវៈ និងមានប្រសិទ្ធភាពខ្ពស់៕