អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

ឧត្ដមសេនីយ៍ឯក ហួត ឈាងអន ជួបសំណេះសំណាល សួរសុខទុក្ខយោធិនពិការ និងយោធិនចូលនិវត្តន៍

(ភ្នំពេញ)៖ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការចលនូប្បត្ថម្ភ នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខយោធិនពិការ និងយោធិនចូលនិវត្តន៍ ដែលជាអតីតយោធិនបម្រើការនៅទីចាត់ការចលនូប្បត្ថម្ភ អគ្គបញ្ជាការដ្ឋាន ចំនួន ៤៣នាក់ ក្នុងឪកាសបុណ្យភ្ជុំបិណ្ឌ។

មានមតិសំណេះសំណាលនាឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន បានថ្លែងនូវការដឹងគុណប្រកបដោយមនោសញ្ចេតនាជ្រាលជ្រៅ ចំពោះយោធិនពិការ និងយោធិនចូលសោធននិវត្តន៍គ្រប់រូប ដែលបានធ្វើពលិកម្មប្រកបដោយវីរភាពអង់អាចក្លាហាន ក្នុងស្មារតីស្នេហាជាតិ រួមចំណែកការពារបូរណភាពទឹកដី និងការកសាងការពារសន្តិភាព ស្ថិរភាពសង្គម។

ឯកឧត្តម គូសបញ្ជាក់ថា ទីចាត់ការចលនូប្បត្ថម្ភ តែងតែគោរពអនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ កងយោធពលខេមរភូមិន្ទ ឱ្យគ្រប់ស្ថាប័ន កងឯកភាពទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ចំពោះសុខទុក្ខ ការស្រឡាញ់រាប់អានជានិច្ច និងរៀបចំឱ្យមានពិធីជួបជុំនៅតាមបណ្តាអង្គភាព ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងអង្គភាពជាមួយនឹងនិវត្តជន ក្នុងគោលបំណងរក្សាចំណងមនោសញ្ចេតនាយូរអង្វែង និងជួយគ្នាទៅវិញទៅមក។

ជាមួយនេះ ឯកឧត្តម បានលើកទឹកចិត្តដល់និវត្តជនទាំងអស់ឱ្យប្រកាន់ខ្ជាប់នូវស្មារតីសាមគ្គីភាព ចេះជួយគ្នាទៅវិញទៅមក រួមគ្នាការពារសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ៕