(ភ្នំពេញ)៖ ខុទ្ទកាល័យ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ បានឲ្យដឹងថា កន្លងទៅនេះមានជនខិលខូចបានបង្កើតគណនី TikTok ក្លែងក្លាយ ដែលមានឈ្មោះ អគ្គបញ្ជាការដ្ឋាន (@vongpisen) Tik Tok ដោយបានយកឈ្មោះ និងរូបភាពរបស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ទៅផ្សព្វផ្សាយ ដោយគ្មានការអនុញ្ញាត។
ខុទ្ទកាល័យ អគ្គបញ្ជាការដ្ឋាន សូមបដិសេធទាំងស្រុងនូវរាល់សកម្មភាពទាំងឡាយរបស់គណនី TikTok ខាងលើ ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសរបស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ក៏ដូចជាកងយោធពលខេមរភូមិន្ទទាំងមូល និងស្នើឲ្យម្ចាស់គណនីក្លែងក្លាយខាងលើបញ្ឈប់ជាបន្ទាន់។ ក្នុងករណីមិនបញ្ឈប់សកម្មភាពទាំងនោះទេ អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ នឹងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន។
សូមបញ្ជាក់ថា គណនីបណ្តាញសង្គមផ្លូវការរបស់ឯកឧត្ដម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ មានដូចខាងក្រោម៖
*ទី១៖ Facebook page៖ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ (មានសញ្ញាធីកខៀវ) *ទី២៖ Telegram៖ អគ្គបញ្ជាការដ្ឋាន ខ.ភ.ម CIC News *ទី៣៖ Cool App៖ អគ្គបញ្ជាការដ្ឋាន ខ.ភ.ម CIC News *ទី៤៖ Website៖ https://cic.mil.kh *ទី៥៖ App Store៖ CIC News *ទី៦៖ Play Store៖ CIC News៕