(ព្រៃវែង)៖ ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការចលនូប្បត្ថម្ភ អគ្គបញ្ជាការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលជំនាញបើកបររថយន្តធុនធ្ងន់ជំនាន់ទី២១ និងបើកវគ្គបណ្តុះបណ្តាលជំនាញភស្តុភារ ថ្នាក់កងអនុសេនាធំ កងវរសេនាតូច ជំនាន់ទី២ ឆ្នាំ២០២៤ នៅសាលាបើកបរ ទីចាត់ការចលនូប្បត្ថម្ភ ស្ថិតនៅភូមិសាស្ត្រភ្នំឈើកាច់ ខេត្តព្រៃវែង នាព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤។
ឆ្លៀតក្នុងឱកាសនោះ ឧត្ដមសេនីយ៍ឯក ហួត ឈាងអន បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្ដម ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងការពារជាតិ និងឯកឧត្ដម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការនៃកងយោធពលខេមភូមិន្ទ ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ ចំពោះសិក្ខាកាមទាំងអស់ ដែលជាការ អភិវឌ្ឍវិស័យធនធានមនុស្សរបស់កងយោធពលខេមរភូមិន្ទ ដើម្បីមាន សមត្ថភាពគ្រប់គ្រាន់ក្នុងបុព្វហេតុនៃកិច្ចការពារជាតិមាតុភូមិ។
ក្នុងបរិយាកាសសោមនស្សនៃពិធីបិទវគ្គនេះ ឧត្ដមសេនីយ៍ឯក ហួត ឈាងអន ក៏បានថ្លែងនូវការកោតសរសើរ និងអរគុណចំពោះថ្នាក់ដឹកនាំ ស្ថាប័ន ជំនាញពាក់ព័ន្ធ និងសាលាដែលមានកិច្ចសហការយ៉ាងជិតស្និទ្ធ ក្នុងកិច្ចដំណើរការរៀបចំកម្មវិធីសិក្សា ខ្លឹមសារមេរៀន និងការបង្ហាត់បង្រៀនដល់សិក្ខាកាមវគ្គបណ្តុះបណ្តាលជំនាញ បើកបររថយន្តធន់ធ្ងន់ ជំនាន់ទី២១ ទទួលបានលទ្ធផលល្អប្រកបដោយមោទកភាព។
ឧត្ដមសេនីយ៍ឯក ហួត ឈាងអន បានថ្លែងបញ្ជាក់ថា ជោគជ័យនៃវគ្គបណ្ដុះបណ្ដាលរបស់សាលាបើកបរ ទីចាត់ការចលនូប្បត្ថម្ភនាថ្ងៃនេះ គឺជាការស្ដែងចេញនូវការចូលរួមអនុវត្តយន្តការអភិវឌ្ឍន៍ធនធានមនុស្សក្នុងកងយោធពលខេមរភូមិន្ទ តាមគោលនយោបាយអភិវឌ្ឍន៍ធនធានមនុស្សរបស់ក្រសួងការពារជាតិ និងអគ្គបញ្ជាការ ក្នុងន័យលើកកម្ពស់សមត្ថភាព ចំណេះដឹង និងជំនាញ ដើម្បីរួមចំណែកក្នុងការកសាងកងយោធពលខេមរភូមិន្ទឱ្យកាន់តែរីកចម្រើន។
ឧត្ដមសេនីយ៍ឯក ហួត ឈាងអន បានបន្តគូសបញ្ជាក់ថា ដើម្បីធានាបាននូវប្រសិទ្ធភាពរាល់ភារកិច្ចចំពោះមុខ ក្នុងពេលបច្ចុប្បន្ន និងទៅអនាគត ទីចាត់ការចលនូប្បត្ថម្ភ ចាត់ទុកការងារហ្វឹកហ្វឺន អប់រំរៀនសូត្រ គឺជាការងារ អាទិភាពដែលត្រូវដំណើរការជាប់ជាប្រចាំដូចភ្លៀងរលឹម។
ឧត្ដមសេនីយ៍ឯក ហួត ឈាងអន បានថ្លែងសង្កត់ធ្ងន់ថា ការយកចិត្តទុកដាក់លើការបណ្ដុះបណ្ដាលធនធានមនុស្សនេះ គឺជាការចូលរួមគោរពអនុវត្តតាមការដឹកនាំដ៏ខ្ពង់ខ្ពស់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា យកការអភិវឌ្ឍមូលធនមនុស្សជាមុំមួយក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នីតិកាលទី៧នៃរដ្ឋសភា ក្នុងគោលដៅកសាងធនធានមនុស្សនៅព្រះរាជាណាចក្រកម្ពុជា ទាំងស៊ីវិល និងកងទ័ព ឱ្យប្រកបដោយសក្តានុពល សមត្ថភាព ជំនាញវិជ្ជាជីវៈ និងភាពជាដៃគូសម្រាប់ដំណើរការអនុវត្តនូវចក្ខុវិស័យ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងការពារជាតិ។
មានមតិផ្ដាំផ្ញើក្នុងពិធីនេះ
ឧត្ដមសេនីយ៍ឯក ហួត ឈាងអន បានក្រើនរំឮកដល់សាលាបើកបរ និងសិក្ខាកាមមានជាអាទិ៍៖
១-ត្រូវស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាល
២-ត្រូវគោរពឱ្យបានម៉ឺងម៉ាត់រាល់បទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការ និងហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាងក្នុងបុព្វហេតុការពារជាតិ មាតុភូមិ
៣-សិក្ខាកាមបញ្ចប់វគ្គ ត្រូវយកចំណេះ ជំនាញទៅបម្រើអង្គភាពឱ្យបានល្អ និងបន្តការហាត់ពត់លត់ដំកាយសម្បទា សតិអារម្មណ៍ លើកកម្ពស់ស្មារតីក្នុងការគោរពវិន័យរបស់កងទ័ព និងកសាងសីលធម៌រស់នៅស្អាតស្អំ មានសាមគ្គីភាពផ្ទៃក្នុង ជៀសវាងទស្សនៈ និងសតិអារម្មណ៍ឆ្គាំឆ្គងទាំងឡាយ ដើម្បីកសាងខ្លួនឱ្យក្លាយជាធនធានមនុស្សពិតប្រាកដរបស់អង្គភាព ក៏ដូចជារបស់កងយោធពលខេមរភូមិន្ទរបស់យើង
៤-សិក្ខាកាមវគ្គថ្មី ត្រូវគោរពវិន័យ បទបញ្ជាផ្ទៃក្នុងរបស់សាលា និងតស៊ូព្យាយាមរៀនសូត្រ យកចំណេះដឹង ជំនាញពិតប្រាកដ ដើម្បីបម្រើអង្គភាព ក៏ដូចជារួមចំណែកក្នុងការធ្វើទំនើបកម្មកងយោធពលខេមរភូមិន្ទ
៥-សិក្ខាកាមគ្រប់រូបត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀន៕