ក្នុងឱកាសចូលរួមកិច្ចប្រជុំអគ្គមេបញ្ជាការការកងទ័ពអាស៊ានលើកទី២០ នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី នៅរសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ នាយឧត្តមសេនីយ៍ វង្ស ពិសេនបានជួបទ្វេភាគីជាមួយ ឧត្តមសេនីយ៍ឯក ហ្វាល័រ រ៉ាត លោក មេបញ្ជាការកងទ័ពទីម័រខាងកើត។
នាយឧត្តមសេនីយ៍ វង្ស ពិសេន បានគូសបញ្ជាក់ពីចំហរបស់រាជរដ្ឋាភិបាលកម្ពុជា និងកងយោធពលខេមរភូមិន្ទ ដែលតែងចង់បានកិច្ចសហប្រតិបត្តិការល្អជាមួយបណ្តាប្រទេសជាមិត្តលើសកលលោក ជាពិសេស ប្រទេសក្នុងតំបន់អាស៊ាន ដោយឈរលើគោលការណ៍ស្មើភាព គោរពអធិបតេយ្យភាព និងផលប្រយោជន៍គ្នាទៅវិញទៅមក។
ពាក់ព័ន្ធដល់កិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ទីម័រខាងកើត នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការ បានបញ្ជាក់ថា កម្ពុជាតែងតែគាំទ្រជានិច្ចចំពោះរាល់ការសម្រេចចិត្តរបស់ប្រជាជន ក៏ដូចជារដ្ឋាភិបាលទីម័រខាងកើត ហើយមានជំនឿយ៉ាងមុតមាំថា រដ្ឋាភិបាល និងកងទ័ពទាំងពីរនឹងបន្តបង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀត៕