ក្នុងឱកាសចូលរួមកិច្ចប្រជុំអគ្គមេបញ្ជាការការកងទ័ពអាស៊ានលើកទី២០ នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី នៅរសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ នាយឧត្តមសេនីយ៍ វង្ស ពិសេនបានបន្តជួបទ្វេភាគីជាមួយ ឯកឧត្ដម នាយឧត្តមនាវី យូឌូ ម៉ាហ្គូណូ អគ្គមេបញ្ជាការកងទ័ពឥណ្ឌូណេស៊ី។
នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងអំណរគុណចំពោះ ឯកឧត្តម អគ្គមេបញ្ជាការកងទ័ពឥណ្ឌូនេស៊ី ដែលបានជួបពិភាក្សាការងារជាមួយឯកឧត្តម ដើម្បីបង្កើនភាពជិតស្និតក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ និងរួមចំណែកក្នុងការថែរក្សាសន្តិភាព វិបុលភាព និងសន្តិសុខក្នុងតំបន់ដែលមានស្របនិងមូលបទនៃកិច្ចប្រជុំនេះ។
ពាក់ព័ន្ធនិងកិច្ចសហប្រតិបត្តិការ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងអំណរគុណចំពោះកងទ័ពឥណ្ឌូនេស៊ីដែលតែងតែបានផ្ដល់ជំនួយយោធាដល់កងយោធពលខេមរភូមិន្ទទាំងផ្នែកសម្ភារៈ និងធនធាន ជាពិសេសការចូលរួមបណ្ដុះបណ្ដាលធនធានមនុស្សតាមរយៈការទទួលយកសិក្ខាកាមកម្ពុជាទៅបណ្ដុះបណ្ដាលនៅប្រទេសឥណ្ឌូនេស៊ី និងបញ្ជូនយោធាចារ្យ មកបង្ហាត់បង្រៀនដល់សិក្ខាកាមកម្ពុជាផងដែរ។
នៅក្នុងឱកាសនោះដែរ ឯកឧត្តម នាយឧត្តមនាវី អគ្គមេបញ្ជាការកងទ័ពឥណ្ឌូនេស៊ី ក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី20 បានថ្លែងអំណរគុណចំពោះ ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយុទ្ធពលខេមរភូមិន្ទដែលបានអញ្ជើញចូលរួមប្រជុំ និងស្នើឱ្យកងយោធពលខេមរភូមិន្ទបន្តកិច្ចសហប្រតិបត្តិការទាំងការហ្វឹកហ្វឺន និងការធ្វើលំហាត់រួមគ្នាក្នុងន័យពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់រឹងមាំបន្ថែមទៀត៕