អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

ឯកឧត្តម វង្ស ពិសេន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា និងលើកទិសដៅអនុវត្តបន្តខែតុលា ឆ្នាំ២០២៣ របស់ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកពារាំង

(ព្រៃវែង)៖ ព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម វង្ស ពិសេន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកពារាំង បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា និងលើកទិសដៅអនុវត្តបន្តខែតុលា ឆ្នាំ២០២៣ របស់ក្រុមការងារគណបក្ស ដែលពិធីនេះធ្វើឡើងនៅទីស្នាក់ការគណបក្សស្រុកពារាំង។

តាមរបាយការណ៍របស់គណបក្សស្រុកបានឲ្យដឹងថា ស្ថានភាពសន្តិសុខ សណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន មានសភាពការណ៍ល្អ ហើយការអភិវឌ្ឍសេដ្ឋកិច្ចសង្គមក៏មានការវិវត្តដោយនិរន្តរភាព ដោយមន្រ្តីគណបក្សគ្រប់ថ្នាក់ បានយកចិត្តទុកដាក់ដោះស្រាយរាល់បញ្ហាប្រឈមជូនប្រជាជន ព្រមទាំងពង្រឹងបានការអនុវត្តសកម្មភាពការងារលើគ្រប់វិស័យ រួមទាំងការផ្តល់សេវាសាធារណៈផងដែរ។

ឯកឧត្តម វង្ស ពិសេន បានលើកឡើងពីការចេញដំណើររបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្តតម្កល់«សន្តិភាព»ជាគុណតម្លៃខ្ពស់បំផុត និងបានប្រកាន់ខ្ជាប់ពាក្យស្លោក«អរគុណសន្តិភាព» របស់សម្តេច ហ៊ុន សែន ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ។ 

ឯកឧត្តម ប្រធានក្រុមការងារ បានវាយតម្លៃខ្ពស់ចំពោះសកម្មភាព និងលទ្ធផលទាំងឡាយដែលក្រុមការងារសម្រេចបាន ព្រមទាំងបានដាក់ចេញវិធានការមួយ ដើម្បីអនុវត្តបន្ត ក្នុងនោះរួមមាន៖ ការបន្តធ្វើវេទិកាសាធារណៈ និងការទប់ស្កាត់បទល្មើសនានា ពិសេសការប្រើប្រាស់គ្រឿងញៀន។

ជាមួយនោះ ក្រុមការងារគណបក្សគ្រប់ថ្នាក់បន្តចុះជាប់តាមខ្នងផ្ទះប្រជាពលរដ្ឋ ដើម្បីក្តាប់បានរាល់សំណូមពរ និងបញ្ហាប្រឈមទាំងឡាយ ព្រមទាំងយកចិត្តទុកដាក់ជួយឧបត្ថម្ភជនក្រីក្រ រួមមានចាស់ជរាគ្មានទីពឹង ជនពិការមានជំងឺ ក្មេងកំព្រា និងគ្រួសារមរណ:ជាដើម៕