អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

ឯកឧត្ដម នាយឧត្តមសេនីយ៍ សាស្រ្តាចារ្យ បណ្ឌិត ណុប រតនា ផ្ញើសារលិខិតគោរពអបអរសាទរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសទទួលបាន “ពានរង្វាន់សតវត្សអាស៊ី ICAPP” និង “ពានរង្វាន់ភាពជាអ្នកដឹកនាំឆ្នើមពិភពលោក” 

(ភ្នំពេញ) ឯកឧត្ដម នាយឧត្តមសេនីយ៍ សាស្រ្តាចារ្យ បណ្ឌិត ណុប រតនា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានកាំភ្លើងធំ អគ្គបញ្ជាការ ព្រមទាំងនាយទាហាន នាយទាហានរង ពលទាហានទាំងអស់ សូមគោរពអបអរសាទរយ៉ាងស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសទទួលបានពានរង្វាន់សតវត្សអាស៊ី ICAPPនាឱកាសនៃមហាសន្និបាតនៃសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយអាស៊ី (ICAPP)លើកទី១២ នៅរាជធានីភ្នំពេញ និងពានរង្វាន់ភាពជាអ្នកដឹកនាំឆ្នើមពិភពលោកពីវិទ្យាស្ថានយុទ្ធសាស្ត្រសម្រាប់ តំបន់អាស៊ីប៉ាស៊ីហ្វិក (KSI) ដែលមានមូលដ្ឋាន នៅប្រទេសម៉ាឡេស៊ី។ 

ការផ្តល់ពានរង្វាន់សតវត្សអាស៊ី ICAPP ជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺជាការទទួលស្គាល់តួនាទី និងការរួមចំណែកយ៉ាងសំខាន់បំផុតរបស់សម្តេចធិបតី ដែលជាអនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីកម្ពុជាដ៏ឆ្នើមមួយរូប ប្រកបដោយសក្តានុពលទាំងចំណេះដឹង និងសមត្ថភាពស្វាហាប់ រស់រវើក ទំនួលខុសត្រូវខ្ពស់ មានប្រជាប្រិយភាពខ្លាំងក្លា និងបានយកអស់កម្លាំងកាយចិត្ត ដឹកនាំប្រទេសឱ្យកាន់តែមានវិបុលភាព និងការរីកចម្រើនលើគ្រប់វិស័យ។

ចំពោះការផ្ដល់ពានរង្វាន់ភាពជាអ្នកដឹកនាំឆ្នើមពិភពលោកជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងបន្ទាប់ពីវិទ្យាស្ថានបានសិក្សា និងវាយតម្លៃយ៉ាងល្អិតល្អន់ទៅលើលក្ខណៈសម្បត្តិនៃការដឹកនាំ និងសមិទ្ធផលទាំងឡាយកើតចេញពីការដឹកនាំរបស់សម្ដេចធិបតី។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលប្រកបដោយភាពប៉ិនប្រសព្វ ឈ្លាសវៃ និងពោរពេញដោយឆន្ទៈ មនសិការ ភក្តីភាពយ៉ាងមុតមាំចំពោះជាតិនិងប្រជាជនព្រមទាំងបន្តរក្សាបានយ៉ាងរឹងមាំនូវសុខសន្តិភាពស្ថិរភាពនយោបាយ និងជំរុញកំណើនសេដ្ឋកិច្ចចេញពីវិបត្តិសកល ដោយរក្សាបានយ៉ាងល្អនូវស្ថានភាព ម៉ាក្រូសេដ្ឋកិច្ច និងបង្កើតបាននូវសមិទ្ធផលថ្មី‌ៗថែមទៀត ដែលនាំឱ្យមានការពេញចិត្តយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ។

យើងខ្ញុំទាំងអស់គ្នា សូមប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះសម្តេចមហាបវរធិបតី និង លោកជំទាវបណ្ឌិត ព្រមទាំងបុត្រា បុត្រី សូមប្រកបដោយពរទាំងឡាយប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕