អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

ឧត្ដមសេនីយ៍ឯក ហួត ឈាងអន សម្ដែងការអបអរសាទរខួបលើកទី២៦នៃ ”ទិវាសន្តិភាពនៅកម្ពុជា” ក្នុងឱកាសប្រជុំផ្សព្វផ្សាយរបាយការណ៍លទ្ធផលការងារឆ្នាំ២០២៤របស់ទីចាត់ការចលនូប្បត្ថម្ភ

(ភ្នំពេញ)៖ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការចលនូប្បត្ថម្ភ អគ្គបញ្ជាការ បានសម្ដែងនូវអំណរសាទរយ៉ាងក្រៃលែង ខួបលើកទី២៦ នៃ ”ទិវាសន្តិភាពនៅកម្ពុជា” (២៩.ធ្នូ.១៩៩៨ – ២៩.ធ្នូ.២០២៤) ក្នុងឱកាសដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍លទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងទិសដៅអនុវត្តការងារឆ្នាំ២០២៥របស់ទីចាត់ការចលនូប្បត្ថម្ភ អគ្គបញ្ជាការ។ 

ក្នុងឱកាសសម្ដែងនូវអំណរសាទរនេះ ឧត្ដមសេនីយ៍ឯក ហួត ឈាងអន បានគូសបញ្ជាក់ថា ”ទិវាសន្តិភាពនៅកម្ពុជា” ដែលពីមុនប្រសិទ្ធនាមថាជាទិវានយោបាយឈ្នះៗរបស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំជា “ទិវាសន្តិភាពនៅកម្ពុជា” ជាថ្ងៃបុណ្យជាតិផ្លូវការមួយនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីជាការឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់ប្រជាជនកម្ពុជា គឺការស្រឡាញ់សន្តិភាព ស្អប់ខ្ពើមសង្គ្រាម។ 

“ទិវាសន្តិភាពនៅកម្ពុជា” ដាស់តឿនក្រើនរំលឹកដល់ប្រជាជនកម្ពុជាគ្រប់រូបឱ្យចងចាំជានិច្ចអំពីមហាវិនាសកម្មរបស់ជាតិ និងទុក្ខសោកលំបាកវេទនារបស់ប្រជាជនកម្ពុជា ព្រមទាំងផលវិបាកនានាដែលបង្កឡើងដោយសង្គ្រាម និងការបែកបាក់ជាតិ ព្រមទាំងការបំផុសស្មារតីដល់ប្រជាជនកម្ពុជាគ្រប់ជំនាន់ ឱ្យស្អប់ខ្ពើមនូវសង្គ្រាម យល់ដឹងច្បាស់អំពីគុណតម្លៃនៃសុខសន្តិភាព ហើយត្រូវចូលរួមថែរក្សាសន្តិភាពនេះឱ្យបានគង់វង្សដាច់ខាតជាមួយរាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយភាពប៉ិនប្រសប់ ឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ 

ក្នុងកិច្ចប្រជុំនេះផងដែរ ឧត្ដមសេនីយ៍ឯក ហួត ឈាងអន ក៏បានថ្លែងនូវការកោតសរសើរចំពោះការអនុវត្តតួនាទីភារកិច្ចបានយ៉ាងល្អប្រសើររបស់ថ្នាក់ដឹកនាំ ការិយាល័យជំនាញ និងយោធិនទាំងអស់ចំណុះទីចាត់ការចលនូប្បត្ថម្ភ។ 

ជាមួយនោះ ឯកឧត្ដម បានក្រើនរំលឹកដល់នាយទាហាន នាយទាហានរងទាំងអស់ ត្រូវខិតខំបំពេញភារកិច្ចដែលថ្នាក់ដឹកនាំបានប្រគល់ឲ្យ ព្រមទាំងគោរពវិន័យឲ្យបានមុឺងម៉ាត់។ ចំពោះសាលាបើកបរឈើកាច់ ត្រូវយកចិត្តទុកដាក់ចំពោះសិក្ខាកាមគ្រប់ជំនាញ ទាំងការស្នាក់នៅស្អាត អនាម័យលើការហូបចុក រក្សាការពង្រឹងវិន័យ និងគុណភាពហ្វឹកហ្វឺន៕