អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

កម្ពុជា-ឡាវ បន្តរក្សាពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងប្រទេស និងកងទ័ពប្រទេសទាំងពីរ

ជំនួបទ្វេភាគីរវាង នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ និងឧត្តមសេនីយ៍ទោ ខាំលៀង អុថាក់កៃសន អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនឡាវ បានប្តេជ្ញាបន្តរក្សាពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេស និងកងទ័ពប្រទេសទាំងពីរ។

ជំនួបនេះបានធ្វើឡើងនៅប្រទេសឥណ្ឌូនេស៊ី នារសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ ដោយភាគីទាំងពីរបានបញ្ជាក់ថា កម្ពុជានិងឡាវ គឺជាបងប្អូន មានភូមិផងរបងជាមួយគ្នា ហើយកន្លងមកទំនាក់ទំនងរវាងប្រទេស ក៏ដូចជាកងទ័ពប្រទេសទាំងពីរ មានភាពកក់ក្ដៅ មានទំនុកចិត្ត និងជឿជាក់រវាងគ្នាទៅវិញទៅមក។

ប្រធានអគ្គសេនាធិការកងទ័ពប្រជាជនឡាវ បានបញ្ជាក់ពីការរង់ចាំស្វាគមន៍នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការក្នុងពេលទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវនាពេលខាងមុខ និងបានស្នើសុំការគាំទ្រពីកម្ពុជាចំពោះកិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី២១ ដែលកងទ័ពប្រជាជនឡាវធ្វើជាម្ចាស់ផ្ទះ៕