អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

ឯកឧត្ដម ឧត្ដមេសនីយ៍ឯក ខឹម សន អញ្ជើញប្រទានភ្លើងបូជាសព លោកជំទាវ ឧត្តមសេនីយ៍ទោ ហ៊ុន សារិន ញ៉ឹកហួន

(ភ្នំពេញ)៖ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ខឹម សន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការឃោសនាព័ត៌មាន អគ្គបញ្ជាការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន  អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញប្រទានភ្លើងបូជាសពលោកជំទាវ ឧត្តមសេនីយ៍ទោ ហ៊ុន សារិន ញ៉ឹកហួន ដែលបានទទួលមរណភាពនាថ្ងៃទី២៩ ខែធ្នូ  ឆ្នាំ២០២៤ វេលាម៉ោង ១១:០៩យប់ ក្នុងជន្មាយុ ៧៤ឆ្នាំ ដោយរោគគាពាធ។ 

ពិធីប្រទានភ្លើងនេះ បានប្រព្រឹត្តទៅនៅវត្តទឹកថ្លា នាព្រឹកថ្ងៃទី១ ខែមករា ២០២៥។

ក្នុងឱកាសនោះ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ខឹម សន ក្នុងនាមគណៈប្រតិភូអគ្គបញ្ជាការដ្ឋាន បានសម្តែងនូវសេចក្តីទុក្ខក្រៀមក្រំ

និងបានចាត់ទុកការបាត់បង់ លោកជំទាវឧត្តមសេនីយ៍ទោ ហ៊ុន សារិន ជាការបាត់បង់ម្ដាយ ម្ដាយក្មេក និងជីដូន ជាទីគោរពស្រលាញ់ដែលប្រកបដោយព្រហ្មវិហារធម៌ ចំពោះក្រុមគ្រួសារ ជាពិសេសគឺជាការបាត់បង់នូវយោធិន

មួយរូបក្នុងកងយោធពលខេមរភូមិន្ទ ដែលពោរពេញដោយឆន្ទៈ មនសិការក្នុងបុព្វហេតុការពារបូរណភាពទឹកដី ថែរក្សាសន្តិភាព ស្ថិរភាពសង្គម និងការបម្រើជាតិ សាសនា ព្រះមហាក្សត្រ។ 

ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ខឹម សន បានបួងសួងដល់គុណព្រះរតនត្រ័យនិងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមជួយទ្រទ្រង់ដួងវិញ្ញាណក្ខន្ធលោកជំទាវ ឧត្ដមសេនីយ៍ទោ ហ៊ុន សារិន ញ៉ឹកហួន បានចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕