អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពលោកជំទាវអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន

(ភ្នំពេញ)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ អញ្ជើញចូលរួមដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសពលោកជំទាវធម្មសទ្ធាភិរ័ក្ខសិរីវិសុទ្ធិរតន៍ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន នារសៀលថ្ងៃសុក្រ ទី៣ ខែមករា ឆ្នាំ២០២៥ នៅផ្ទះលេខ៥៩ ផ្លូវលេខ២២៥ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា លោកជំទាវ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន ត្រូវជាភរិយារបស់ ឯកឧត្តម នាយឧត្ដមសេនីយ៍ មុឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ បានទទួលមរណភាពកាលពីវេលាម៉ោង ១៨:៥២នាទី នៅគេហដ្ឋានក្នុងរាជធានីភ្នំពេញ នាថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ ក្នុងជន្មាយុ៧៨ឆ្នាំ ដោយរោគាពាធ។

ក្នុងឱកាសដ៏ក្រៀមក្រំនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គបញ្ជាការ និងប្រតិភូ បានសម្តែងនូវសមានទុក្ខនិងសោកស្តាយចំពោះមរណភាពលោកជំទាវធម្មសទ្ធាភិរ័ក្ខសិរីវិសុទ្ធិរតន៍ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន ដែលជាភរិយាប្រកបដោយសង្គហធម៌ដ៏ឧត្តុង្គឧត្តមចំពោះស្វាមី ម្តាយ ម្តាយក្មេក ជីដូន ប្រកបដោយព្រហ្មវិហារធម៌ចំពោះកូនចៅ និងញាតិមិត្ត ហើយជាការបាត់បង់ពុទ្ធសាសនិកដ៏សកម្មមួយរូប តែងតែចូលរួមចំណែកលើកតម្កើង និងទ្រទ្រង់ដល់វិស័យព្រះពុទ្ធសាសនា។

ជាមួយនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន និងប្រតិភូអមដំណើរ ក៏បានគោរពឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធលោកជំទាវធម្មសទ្ធាភិរ័ក្ខសិរីវិសុទ្ធិរតន៍ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន សូមឆាប់បានយោនយកកំណើតក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕