(ភ្នំពេញ)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥នេះ បានអនុញ្ញាតឲ្យលោកវរសេនីយ៍ឯកពិសេស ស៊ឹង តាជឺ (SHENG DAZHI) នាយការិយាល័យអនុព័ន្ធយោធាថ្មី នៃកងទ័ពរំដោះប្រជាជនចិនប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងបង្ហាញមុខ នៅអគ្គបញ្ជាការដ្ឋាន។
នៅក្នុងជំនួបនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានសម្តែងនូវការសាទរចំពោះលោកវរសេនីយ៍ឯកពិសេស ស៊ឹង តាជឺ ដែលទើបតែងតាំងជានាយការិយាល័យអនុព័ន្ធយោធាចិនថ្មីប្រចាំកម្ពុជា ដោយជឿជាក់យ៉ាងមុតមាំថា លោកអនុព័ន្ធយោធាថ្មីពិតជានឹងនាំយកបទពិសោធន៍លើវិស័យការទូតរបស់លោក ដើម្បីពង្រឹងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ។
លោកវរសេនីយ៍ឯកពិសេស ស៊ឹង តាជី បានលើកឡើងពីប្រវត្តិដ៏យូរលង់នៃប្រទេសទាំងពីរ កម្ពុជា- ចិន ក្នុងសម័យអតីតកាល ជាប្រជាជាតិដែលមានអរិយធម៌ វប្បធម៌ខ្ពង់ខ្ពស់ មានភាពសម្បូររុងរឿង និងជាប្រជាជាតិស្លូតបូត មិនចេះឈ្លានពានប្រទេសដទៃ ហើយក៏មិនឲ្យប្រទេសដទៃឈ្លានពាន មានបទពិសោធន៍ និងចេះជួយគ្នាទៅវិញទៅមក។
លោកនាយការិយាល័យអនុព័ន្ធយោធាចិនថ្មី ក៏បានបញ្ជាក់ជូនពីចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ កម្ពុជា-ចិន ក្នុងគោលដៅការពារសន្តិសុខជាតិ និងភាពសុខសាន្តរបស់ប្រជាជននៃប្រទេសទាំងពីរ រួមចំណែកកាន់តែសកម្មនិងខ្លាំងក្លាដល់ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងមិត្តភាពដែកថែបឈានទៅសម្រចបាននូវការកសាងសហគមន៍ជោគវាសនារួមក្នុងយុគសម័យថ្មី ដើម្បីផលប្រយោជន៍ប្រទេសទាំងពីរ។
ក្នុងនាមក្រសួងការពារជាតិ និង អគ្គបញ្ជាការ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងអំណរគុណចំពោះបក្ស រដ្ឋាភិបាល ប្រជាជនចិន ដែលតែងបានជួយឧបត្ថម្ភគាំទ្រទាំងស្មារតី សម្ភារៈ ថវិកា ដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ជាពិសេសក្នុងអំឡុងពេលការរាតត្បាតជំងឺកូវីដ-១៩ ដែលចិនបានរួមចំណែកយ៉ាងសកម្មក្នុងការផ្តល់វ៉ាក់សាំង សម្ភារៈបច្ចេកទេស ថ្នាំពេទ្យ និងគ្រូពេទ្យដល់កម្ពុជា ធ្វើឱ្យកម្ពុជាអាចគ្រប់គ្រងជំងឺកូវីដ-១៩ និង បើកប្រទេសឡើងវិញ។
ឯកឧត្តម បានលើកឡើងពីការជួយឧបត្ថម្ភរបស់មិត្តចិនក្នុងវិស័យការពារជាតិ ទាំងការបណ្តុះបណ្តាល ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅវិទ្យាស្ថាននាយទាហានចម្រុះ ការធ្វើទំនើបកម្មមូលដ្ឋានសមុទ្ររាម ប្រព័ន្ធកាពារអាកាស ប្រព័ន្ធកាំជ្រួចស្វ័យប្រវត្តិ អាវុធធុនធ្ងន់គ្រប់ប្រភេទ និងការកសាងទីលានបាញ់គ្រាប់ពិតចម្រុះនៅសាលាហ្វឹកហ្វឺនកងរាជអាវុធហត្ត (ភ្នំជុំរីករាយ) កម្រិតអន្តរជាតិផងដែរ។
សម្រាប់កិច្ចការដំបូងនិងជាចម្បងនៃអាណត្តិរបស់លោកវរសេនីយ៍ឯកពិសេស ស៊ឹង តាជឺ ឯកឧត្តម អគ្គមេបញ្ជាការ បានស្នើឱ្យអនុព័ន្ធយោធាថ្មីជំរុញបន្ថែមពីកាប្រុងប្រៀបរៀបចំផែនការសមយុទ្ធនាគមាសឆ្នាំ២០២៥ សំដៅពង្រីកវិសាលភាពការធ្វើសមយុទ្ធកាន់តែធំ ខ្លឹមសារកាន់តែស៊ីជម្រៅ ចំនួនយោធិន និងយុទ្ធោបករណ៍ចូលរួមកាន់តែច្រើននិងទំនើបជាងឆ្នាំមុនៗ ដើម្បីឱ្យស្របទៅនឹងទំហំកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរ។
ជាមួយនោះ ឯកឧត្តមអគ្គមេបញ្ជាការ ក៏បានស្នើដល់ភាគីចិនបន្តជំរុញលើការបណ្តុះបណ្តាលធនធានមនុស្ស ក៏ដូចជាការផ្លាស់ប្តូរទស្សនកិច្ចគ្រប់កម្រិត ការផ្លាស់ប្តូរព័ត៌មានចារកិច្ច ក្នុងគោលដៅប្រយុទ្ធប្រឆាំងក្រុមជ្រុលនិយម ទប់ស្កាត់បដិវត្តន៍ពណ៌ ទប់ស្កាត់ឧក្រិដ្ឋកម្មផ្សេងៗ និងបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់ប្រភេទទ័ព៕