អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

ឯកអគ្គរដ្ឋទូតចិន៖ កម្ពុជាជាមិត្តល្អ មិត្តពិតប្រាកដរបស់ចិន ហើយចិននឹងបន្តជួយកម្ពុជាដើម្បីជំរុញឱ្យទំនាក់ទំនងកាន់តែរឹងមាំ

(ភ្នំពេញ)៖ ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានលើកឡើងថា ប្រទេសកម្ពុជាជាមិត្តល្អ មិត្តភក្តិពិតប្រាកដរបស់ចិន ហើយចិននឹងបន្តជួយកម្ពុជាបន្ថែមទៀតដើម្បីជំរុញឱ្យទំនាក់ទំនងប្រទេសទាំងពីរកាន់តែរឹងមាំមួយកម្រិតថែមទៀត។

ការលើកឡើងរបស់ឯកអគ្គរដ្ឋទូតចិន នៅក្នុងឱកាសដែល ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ដឹកនាំប្រតិភូជូនពរឯកអគ្គរដ្ឋទូតចិន និងអនុព័ន្ធយោធាចិនប្រចាំនៅកម្ពុជា អបអរឆ្នាំថ្មីប្រពៃណីចិន នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥នេះ នៅស្ថានទូតចិន។

ឯកឧត្តម បន្តថា ក្នុងរយៈពេល៦៦ឆ្នាំកន្លងមកនេះ ប្រទេសកម្ពុជា និងចិនតែងតែជួយឧបត្ថម្ភគាំទ្រគ្នាគ្រប់កាលៈទេសៈ ហើយគោរពស្រលាញ់គ្នាទៅវិញទៅមក រួមសុខរួមទុក្ខជាមួយគ្នា បង្កើតបានជាគម្រូដ៏ល្អមួយនៃទំនាក់ទំនងអន្តរជាតិ។

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានគូសបញ្ជាក់ថា ទំនាក់ទំនងជាប្រពៃណី កម្ពុជា-ចិន បានបន្តការពង្រឹងពីមិត្តភាពដែកថែប ធ្វើឱ្យកាន់តែស៊ីជម្រៅកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដើម្បីរួមចំណែកកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្ដង់ដារខ្ពស់។

ឯកឧត្តម បានថ្លែងអំណរគុណដល់បក្ស រដ្ឋាភិបាល និងកងទ័ពរំដោះប្រជាជនចិន ដែលជានិច្ចកាលតែងយកចិត្តទុកដាក់ជួយកម្ពុជាក្នុងការស្វែងរកសន្តិភាព ការពារសន្តិភាព និងអភិវឌ្ឍន៍លើគ្រប់វិស័យ ធ្វើឱ្យកម្ពុជាម្ចាស់ការដោយខ្លួនឯង មានភាពរឹងមាំ និងស្មើមុខស្មើមាត់ដូចបណ្ដាប្រទេសលើសកលលោក។

ក្នុងនាមថ្នាក់ដឹកនាំអគ្គបញ្ជាការ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានជូនពរឯកអគ្គរដ្ឋទូតចិន អនុព័ន្ធយោធាចិន ព្រមទាំងសហការី និងក្រុមគ្រួសារ សូមប្រកបដោយសុខភាពល្អ កម្លាំងមាំមួន សុភមង្គល និងសម្រេចជោគជ័យភារកិច្ចឆ្នាំថ្មី ដែលបក្ស រដ្ឋ ប្រគល់ឲ្យ៕