(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានដឹកនាំប្រតិភូជូនពរឆ្នាំថ្មីប្រពៃណីជាតិវៀតណាម ឆ្នាំ២០២៥ នៅស្ថានទូតសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានជូនពរដល់ឯកឧត្តម ឯកអគ្គរដ្ឋទូតវៀតណាម ង្វៀន មិញវុ អនុព័ន្ធយោធាវៀតណាម និងក្រុមគ្រួសារ សហការី ព្រមទាំងថ្នាក់ដឹកនាំវៀតណាម សូមមានសុខភាពល្អ សុភមង្គល និងវិបុលភាព នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម។
ឯកឧត្តម បានថ្លៃអំណរគុណដល់បក្ស រដ្ឋ និងកងទ័ពវៀតណាម ដែលបានជួយកម្ពុជាឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបច្ចុប្បន្នបន្តជួយកសាង អភិវឌ្ឍន៍កម្ពុជាឱ្យរីកចម្រើន ក្នុងនោះ វិស័យយោធា វៀតណាមបានបន្តជួយកសាងដល់កងយោធពលខេមរភូមិន្ទឱ្យរឹងមាំ ស្មើមុខស្មើមាត់ជាមួយបណ្ដាប្រទេសក្នុងសកលលោក។
ឯកឧត្តម ង្វៀន មិញវុ បានថ្លែងអំណរគុណប្រតិភូអគ្គបញ្ជាការដ្ឋាន ដែលបានមកជូនពរឆ្នាំថ្មីនាឱកាសនេះ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ ហើយសង្ឃឹមថាទៅថ្ងៃអនាគតប្រទេសទាំងពីរនឹងបន្តពង្រឹងទំនាក់ទំនង “ក្នុងភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និរន្តរភាពយូរអង្វែង”។
ឯកឧត្តម ឯកអគ្គរដ្ឋទូត បានថ្លែងអំណរអរគុណចំពោះការជួយឧបត្ថគាំទ្រយ៉ាងពេញទំហឹងពីថ្នាក់ដឹកនាំ និងប្រជាជនកម្ពុជានាពេលកន្លងមក ដល់វៀតណាមនៅគ្រប់កាលៈទេសៈ ទាំងនៅក្នុងគ្រាតស៊ូដើម្បីឯករាជ្យជាតិ ឯកភាពប្រទេស និងនៅក្នុងបុព្វហេតុផ្លាស់ប្តូរថ្មីនៃការការពារ និងការកសាងមាតុភូមិនាពេលសព្វថ្ងៃនេះ។
ជាមួយនេះ ឯកឧត្តម បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការសម្រេចបានសមិទ្ធផលជាច្រើនរបស់កម្ពុជានាពេលកន្លងមក ហេីយរាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត កម្ពុជានៅរក្សាបានសន្ដិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ៕