អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

ឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ ផ្សព្វផ្សាយវិជ្ជាជីវៈសារព័ត៌មាន និងការប្រឆាំងព័ត៌មានក្លែងក្លាយដល់សិក្ខាកាមវគ្គវិក្រិត្យការ និងវគ្គបញ្ជាការ-សេនាធិការជំនាន់ទី២៣

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៦ កុម្ភៈ ឆ្នាំ២០២៥នេះ ឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ នាយករងទីចាត់ការឃោសនា.ព័ត៌មានអគ្គបញ្ជាការបានធ្វើការផ្សព្វផ្សាយវិជ្ជាជីវៈសារព័ត៌មាន និងការប្រឆាំងព័ត៌មានក្លែងក្លាយ ដល់សិក្ខាកាមវគ្គវិក្រិត្យការនិងវគ្គបញ្ជាការ-សេនាធិការ ជំនាន់ទី២៣ នៅវិទ្យាស្ថានបញ្ជាការ-សេនាធិការ (ត្មាតពង)។

នៅក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ បានលើកឡើងដូច្នេះថា ការអប់រំផ្សព្វផ្សាយវិជ្ជាជីវៈសារព័ត៌មានដល់ជួរនាយទាហាន ទាយទាហានរង និងពលទាហាន នៅពេលនេះគឺជាផ្នែកមួយយ៉ាងសំខាន់នៅក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិត ឬព័ត៌មានក្លែងក្លាយឲ្យមានប្រសិទ្ធិភាព។

លោកឧត្តមសេនីយ៍ បានគូសបញ្ជាក់ថា សព្វថ្ងៃការរីកចម្រើនខាងផ្នែកបច្ចេកវិទ្យា បង្កភាពងាយស្រួលដល់ការប្រាស្រ័យទាក់ទងគ្នា និងទទួលបានព័ត៌មាននានា តែភាពងាយស្រួលនេះ គ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយបាននិងកំពុងជះឥទ្ធិពល និងផលវិបាកមកលើសង្គមរស់នៅផងដែរ ពោលគឺព័ត៌មានក្លែងក្លាយបង្កភាពចលាចល និងធ្វើឲ្យសង្គមមានភាពច្របូកច្របល់។

«ដូច្នេះចាំបាច់ណាស់ យើងត្រូវរួមគ្នាប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយដោយជំរុញការផ្សព្វផ្សាយព័ត៌មានពិត ដើម្បីបន្សាបលើព័ត៌មានមិនពិត និងផ្សព្វផ្សាយតែព័ត៌មានណាដែលមានគុណភាពសម្រាប់ផ្តល់ជាចំណេះដឹង និងផ្តល់អត្ថប្រយោជន៍ដល់សង្គម និងមនុស្សជាតិ»។ នេះជាការបញ្ជាក់របស់លោកឧត្តមសេនីយ៍។

លោកឧត្តមសេនីយ៍ បានបញ្ជាក់ថា ការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ គឺជានិន្នាការសកល ដែលបណ្តារដ្ឋនៅលើសកលលោក បានយកចិត្តទុកដាក់ខ្ពស់ ពិសេស ការបង្កើតយន្តការដោះស្រាយ រិះរកមធ្យោបាយល្អៗ បូកបញ្ចូលទាំងបច្ចេកទេស និងការចូលរួមពីគ្រប់ភាគី ដើម្បីទប់ស្កាត់ព័ត៌មានមិនពិត ឬព័ត៌មានក្លែងក្លាយនេះ។

លោកឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ បានលើកឡើងប្រសាសន៍ណែនាំរបស់ថ្នាក់ដឹកនាំអគ្គបញ្ជាការ នៅក្នុងការពង្រឹងធ្លុងសាមគ្គីឯកភាពផ្ទៃក្នុងឱ្យបានរឹងមាំ ជៀសវាងដាច់ខាតនូវការបង្ហោះបង្ហើរតាមបណ្ដាញសង្គមពីទំនាស់ផ្ទាល់ខ្លួន ដែលនាំឲ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងវិន័យកងទ័ព៕