អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

នាយឧត្ដមសេនីយ៍ វង្ស ពិសេន អនុញ្ញាតឲ្យនាយការិយាល័យសេនានុព័ន្ធអង់គ្លេសចប់អាណត្តិចូលជួបសម្តែងការគួរសមជម្រាបលា និងបង្ហាញមុខនាយការិយាល័យសេនានុព័ន្ធថ្មី

(ភ្នំពេញ)៖ ព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឲ្យលោកវរសេនីយ៍ឯក ជេមី មូរ៉េ នាយការិយាល័យសេនានុព័ន្ធអង់គ្លេសប្រចាំកម្ពុជា មាននិវេសនដ្ឋាននៅប្រទេសសឹង្ហបុរី ទើបបញ្ចប់អាណត្តិចូលជួបសម្តែងការគួរសមជម្រាបលា និងបង្ហាញមុខនាយការិយាល័យសេនានុព័ន្ធថ្មី វរសេនីយ៍ឯក អេឌី ម៉ាស់ខែល ភីតដឺសិន នៅអគ្គបញ្ជាការដ្ឋាន។

នៅក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានគូសបញ្ជាក់ពីសភាពការណ៍នៅកម្ពុជា ដែលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា រក្សាបានរឹងមាំនូវសន្តិភាព ស្ថិរភាពនយោបាយ ការគ្រប់គ្រងបានជំងឺកូវីដ-១៩ ។ កត្តាទាំងនេះបានធ្វើឱ្យកម្ពុជាទទួលជោគជ័យជាបន្តបន្ទាប់ ជាពិសេស ជោគជ័យដ៏ត្រចះ ត្រចង់ក្នុងការធ្វើជាប្រធានអាស៊ានប្តូរវេននាឆ្នាំ២០២២ ការធ្វើជាម្ចាស់ផ្ទះប្រកួតកីឡាស៊ីហ្គេម ប៉ារ៉ាហ្គេម ឆ្នាំ២០២៣ និងការបោះឆ្នោតថ្នាក់ជាតិ ប្រកបដោយសេរី យុត្តិធម៌ ផងដែរ។

ទាក់ទងពីទំនាក់ទំនងការទូតប្រទេសទាំងពីរកម្ពុជានិងអង់គ្លេស គឺមានជាង៧០ឆ្នាំមកហើយ ហើយកន្លងមកនេះ អង់គ្លេស បានផ្តល់ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ដល់កម្ពុជា បានផ្ដល់ហិរញ្ញប្បទានដើម្បីចូលរួមអភិរក្សព្រៃ និងធនធានធម្មជាតិ និងបន្តផ្តល់អាហារូបករណ៍ដល់ការដោះមីន មនុស្សធម៌ រហូតគ្រាប់មីនចុងក្រោយត្រូវបានសម្អាតពីប្រទេសកម្ពុជាផងដែរ។

លើកិច្ចសហប្រតិបត្តិការលើវិស័យយោធា អង់គ្លេសបានផ្តល់អាហារូបករណ៍ដល់កងយោធពលខេមរភូមិន្ទ បានទៅហ្វឹកហ្វឺននៅសាលារាជបណ្ឌិត្យសភាយោធាអង់គ្លេស បានដាក់ស្ថានសេនានុព័ន្ធអង់គ្លេសប្រចាំកម្ពុជានៅសិង្ហបុរី ព្រមទាំងបង្កើនកិច្ចទំនាក់ទំនងនៅក្នុងការផ្លាស់ប្ដូរព័ត៌មានសន្តិសុខ និងការបង្ក្រាបបទល្មើសឆ្លងដែនជាដើម។ 

នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការ សង្ឃឹមថា តាមរយៈលោកវរសេនីយ៍ឯក អេឌី ម៉ាស់ខែល ភីតដឺសិន ដែលទើបតែងតាំងថ្មីជានាយការិយាល័យសេនានុព័ន្ធអង់គ្លេសប្រចាំកម្ពុជា និងបន្តកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរថែមទៀត។

ជាកិច្ចឆ្លើយតប លោកវរសេនីយ៍ឯក ជេមមី មូរ៉េ បានថ្លែងអំណរគុណចំពោះ នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការ ដែលបានអនុញ្ញាតឲ្យរូបលោកទាំងពីរបានចូលជួបសម្តែងការគួរសម និងបានគាំទ្រចំពោះការលើកឡើងរបស់ នាយឧត្តមសេនីយ៍ ពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា-អង់គ្លេស នាពេលកន្លងមក។ 

ដើម្បីបង្កើតនូវទំនាក់ទំនងរវាងកងទ័ពប្រទេសទាំងពីរ លោកវរសេនីយ៍ឯក ជេមមី មូរ៉េ បានស្នើសុំការអញ្ជើញ នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការ ទៅបំពេញទស្សនកិច្ចនៅចក្រភពអង់គ្លេស និងចូលរួមក្នុងពិធីបិទវគ្គសិក្សា ដែលមាននិស្សិតកងយោធពលខេមរភូមិន្ទនៅទីនោះផងដែរ នៅក្នុងខែធ្នូ ឆ្នាំ២០២៣ ខាងមុខ។ 

លោកវរសេនីយ៍ឯក ជេមមី មូរ៉េ ក៏បានថ្លែងអំណរគុណចំពោះកម្ពុជា ដែលបានគាំទ្រអង់គ្លេសឲ្យចូលរួមក្នុងនាមជាអ្នកសង្កេតការណ៍កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងបានសន្យាបន្តកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ក៏ដូចជាសហប្រតិបត្តិការនៅតំបន់អាស៊ី៕