(ព្រៃវែង)៖ ឯកឧត្តម វង្ស ពិសេន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកពារាំង ខេត្តព្រៃវែង បានថ្លែងអំណរគុណដល់សមាជិក-សមាជិកា គណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋ ស្រុកពារាំង សម្រាប់ការគាំទ្រ និងបោះឆ្នោតជូនបក្សប្រជាជន រហូតធ្វើឱ្យគណបក្សទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដី។
ការថ្លែងអំណរគុណរបស់ឯកឧត្តម បានធ្វើឡើងនៅក្នុងកិច្ចប្រជុំបូកសរុប និងវាយតម្លៃការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ នៅស្នាក់ការគណបក្សស្រុកពារាំង។
ឯកឧត្តម ប្រធានក្រុមការងារបញ្ជាក់ថា ការគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ដើម្បីបន្តដំណើររួមគ្នាលើវិថីនៃសុខសន្តិភាព និងការអភិវឌ្ឍ ប្រជាជនរស់នៅប្រកបដោយសុភមង្គល និងសុខដុមរមនា។
ក្នុងឱកាសនោះ ឯកឧត្តម ក៏បានធ្វើការវាយតម្លៃអំពីចំណុចខ្លាំង និងចំណុចខ្វះខាតក្នុងពេលអនុវត្តកន្លងមករបស់មន្ត្រីក្រុមការងារគណបក្ស ព្រមទាំងបានដាក់ចេញនូវទិសដៅការងារសម្រាប់អនុវត្តបន្តនៅពេលខាងមុខផងដែរ