អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អនុញ្ញាតឲ្យសេនានុព័ន្ធថ្មីម៉ាឡេស៊ីប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម

(ភ្នំពេញ)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នៅព្រឹកថៃ្ងទី០៩ ខែតុលា ឆ្នាំ២០២៣ បានអនុញ្ញាតឲ្យលោក វរសេនីយ៍ឯក ណាសលី ប៊ីន អាបដ៍ រ៉ហ៊ីម (Nazlee bin Abd Rahim) សេនានុព័ន្ធថ្មីម៉ាឡេស៊ីប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម នៅអគ្គបញ្ជាការដ្ឋាន។

នៅក្នុងឱកាសនោះ លោកវរសេនីយ៍ឯក ណាសលី ប៊ីន អាបដ៍ រ៉ហ៊ីម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ និងថ្នាក់ដឹកនាំផ្សេងទៀត ដែលបានអនុញ្ញាតឲ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសមក្នុងនាមជាសេនានុព័ន្ធថ្មីរបស់កងទ័ពម៉ាឡេស៊ី។

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានលើកឡើងពីស្ថានភាពមួយចំនួននៅកម្ពុជា ពិសេសការបញ្ចប់សង្គ្រាមរ៉ាំរ៉ៃនៅកម្ពុជាហើយនាំមកនូវសន្តិភាពពេញលេញ, ជោគជ័យការប្រយុទ្ធនឹងជំងឺកូវីដ-១៩, ជោគជ័យការរៀបចំកិច្ចប្រជុំនិងព្រឹត្តិការណ៏នានាដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ជោគជ័យដំណើរការបោះឆ្នោត និងការរៀបចំរាជរដ្ឋាភិបាលអាណត្តិទី៧។

លើទំនាក់ទំនងកម្ពុជានិងម៉ាឡេសុី ឯកឧត្តមបានបញ្ជាក់ថា ប្រទេសទាំងពីរមានទំនាក់ទំនងជាមួយគ្នារយៈពេល ៦៦ឆ្នាំមកហើយ ហើយបច្ចុប្បន្នប្រទេសទាំងពីរនៅតែបន្តប្ដេជ្ញាពង្រឹង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍។

ដោយឡែកលើវិស័យយោធា ក្រសួងការពារប្រទេស និងអគ្គបញ្ជាការប្រទេសទាំងពីរមានកិច្ចសហប្រតិបត្តិការល្អ តាមរយៈការចូលរួមធ្វើលំហាត់នានា ការគាំទ្រគ្នាទៅវិញទៅមក ការជួយបណ្ដុះបណ្ដាលធនធានមនុស្ស ក៏ដូចជាការថែរក្សាសន្តិភាពដើម្បីបុព្វហេតុប្រទេសទាំងពីរ និងក្នុងក្របខណ្ឌអាស៊ាន។

ក្រៅពីនោះកងទ័ពប្រទេសទាំងពីរ បានធ្វើការផ្លាស់ប្ដូរទស្សនកិច្ចទាំងថ្នាក់អគ្គបញ្ជាការ និងបណ្ដាប្រភេទទ័ព ការចូលរួមតាំងពិពណ៌កងទ័ពជារៀងរាល់ឆ្នាំ ការយកចិត្តទុកដាក់ផ្លាស់ប្ដូរព័ត៌មានដើម្បីទប់ស្កាត់បទឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស និងការជួញដូរគ្រឿងញៀនជាដើម។

ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បញ្ជាក់ថា តាមរយៈលោកវរសេនីយ៍ឯក ណាសលី ប៊ីន អាបដ៍ រ៉ហ៊ីម កងទ័ពប្រទេសទាំងពីរ(កម្ពុជា-ម៉ាឡេស៊ី) នៅតែបន្តកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា ដោយឯកឧត្តម រួមនឹងថ្នាក់ដឹកនាំដទៃទៀត បង្កលក្ខណៈគ្រប់បែបយ៉ាង ដើម្បីឲ្យការបំពេញបេសកកម្មការទូតរបស់លោកវរសេនីយ៍ឯកទទួលបានជោគជ័យ។

ក្នុងកិច្ចឆ្លើយតប លោកវរសេនីយ៍ឯក សេនានុព័ន្ធម៉ាឡេស៊ី បានសម្ដែងនៅការស្ងប់ស្ញែងចំពោះការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់ព្រះរាជាណាចក្រកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្នុងនោះវិស័យយោធា បើទោះបីទើបចេញផុតពីសង្គ្រាមច្រើនឆ្នាំក៏ដោយ ក៏មានការរីកចម្រើនគួរឲ្យកត់សម្គាល់។

លោកវរសេនីយ៍ឯក ណាសលី ប៊ីន អាបដ៍ រ៉ហ៊ីម បានធ្វើការចាប់អារម្មណ៍ចំពោះសមត្ថភាពកងកម្លាំងថែរក្សាសន្តិភាពកម្ពុជា ហើយមានបំណងចង់សិក្សាពីបទពិសោធន៍ដែលកម្ពុជាមាន។ លោកវរសេនីយ៍ឯក សង្ឃឹមថា ទៅថ្ងៃអនាគតកងទ័ពម៉ាឡេស៊ី នឹងបានធ្វើលំហាត់រួមគ្នាជាមួយកងទ័ពកម្ពុជាលើផ្នែកប្រឆាំងភេរវកម្ម៕