អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន និងគណៈប្រតិភូកងទ័ពកម្ពុជា ជួបសម្តែងការគួរសមជាមួយរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម

(ហាណូយ)៖ នៅក្នុងដំណើរបំពេញទស្សនកិច្ចនៅសាធារណរដ្ឋសង្គមនិយមវៀតណាម នារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងគណៈប្រតិភូជាន់ខ្ពស់កងទ័ពកម្ពុជា បានចូលជួបសម្ដែងការគួរសមជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ្វាន់ វ៉ាន់ហ្ស៊ាង រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម។

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងអំណរគុណឯកឧត្តម រដ្ឋមន្ត្រី ក្រសួងការពារប្រទេសវៀតណាម ដែលបានឆ្លៀតពេលដ៏មមាញឹក អនុញ្ញាតឱ្យគណៈប្រតិភូបានជួបសម្តែងការគួរសមនាពេលនេះ ដោយឯកឧត្តមបានបញ្ជាក់ថា ដំណើរទស្សនកិច្ចលើកនេះ មានគោលបំណងពង្រឹងពង្រីកទំនាក់ទំនងជាប្រពៃណី និងជាប្រវត្តិសាស្ត្ររវាងកងទ័ពប្រទេសទាំងពីរ។ 

ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ ក៏បានរាយការណ៍ពីជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ឯកបម្រុង ង្វៀន តឹងគឿង អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម ជុំវិញសកម្មភាព និងគោលដៅនៃកិច្ចសហការរួមគ្នា ដើម្បីជំរុញការលើកកម្ពស់កិច្ចសហប្រតិបត្តិការឱ្យកាន់តរីកចម្រើន រួមចំណែកក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រទេសទាំងពីរ។

ឯកឧត្តមនាយឧត្តមសេនីយ៍ ហ្វាន់ វ៉ាន់ហ្សាង បានថ្លែងការស្វាគមន៍ចំពោះដំណើរបំពេញទស្សនកិច្វរបស់គណៈប្រតិភូកងទ័ពកម្ពុជា ហើយតាមរយៈទស្សនកិច្ចនេះ ឯកឧត្តមបានផ្តាំផ្ញើសួរសុខទុក្ខសម្ដេចតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និង ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។

ឯកឧត្តមនាយឧត្តមសេនីយ៍ ហ្វាន់ វ៉ាន់ហ្សាង បានបញ្ជាក់ជូនសារជាថ្មីពីការយកចិត្តទុកដាក់របស់កងទ័ពប្រជាជនវៀតណាម ចំពោះការបន្តជួយឧបត្ថម្ភគាំទ្រដល់កងយោធពលខេមរភូមិន្ទលើគ្រប់ផ្នែក ពិសេស ការបណ្តុះបណ្តាលធនធានមនុស្សច្រើនថ្នាក់ ច្រើនជំនាញ ដើម្បីរួមចំណែកកសាងកងយោធពលខេមរភូមិន្ទឱ្យមានការរីកចម្រើនថែមទៀត។

ទន្ទឹមនោះដែរ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម ក៏បានលើកទឹកចិត្តឱ្យកងទ័ពប្រទេសទាំងពីរបន្តរួមសហការគ្នាថែមទៀត ដើម្បីពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណី ស្របតាមពាក្យស្លោកថា “ភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណីសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយុវវែង”៕