អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អញ្ជើញបំពាក់ឋានន្តរសក្តិនាយទាហាននៅបញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញបំពាក់ឋានន្តរសក្តិនាយទាហានជាន់ខ្ពស់បីរូប រួមមាន មេបញ្ជាការបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម មេបញ្ជាការ បញ្ជាការដ្ឋានទ័ពពិសេស និងនាយការិយាល័យទី៣ កងទ័ពជើងគោក។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានកោតសរសើរចំពោះបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម បញ្ជាការដ្ឋានទ័ពពិសេស ដែលកន្លងមកបានខិតខំបំពេញភារកិច្ច និងសម្រេចស្នាដៃធំៗជូនជាតិ និងប្រជាជន រួមចំណែកក្នុងកិច្ចការពារបូរណភាពទឹកដី ការពារសន្តិភាព ស្ថិរភាពសង្គម និងសុវត្ថិភាពជូនថ្នាក់ដឹកនាំជាតិ និងអន្តរជាតិ។

ឯកឧត្តមបន្តថា ឆ្លើយតបនឹងគុណូបការៈថ្លៃថ្លានេះ រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការ បានយកចិត្តទុកដាក់រៀបចំដំឡើងឋានន្តរសក្តិដល់មេបញ្ជាការ បញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម មេបញ្ជាការ បញ្ជាការដ្ឋានទ័ពពិសេស និងនាយការិយាល័យទី៣កងទ័ពជើងគោក ដោយអនុវត្តតាមផែនការកែទម្រង់ចាំបាច់និងយូរអង្វែងរបស់កងយោធពលខេមរភូមិន្ទ។

ឯកឧត្តមមានជំនឿយ៉ាងមុតមាំថា«នាយទាហានដែលទើបទទួលបានការតំឡើងឋានន្តរសក្តិ នឹងបន្តភក្តីភាពឥតងាករេចំពោះជាតិ ពិសេសចំពោះរាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការបន្តខិតខំដោយស្មារតីទទួលខុសត្រូវខ្ពស់ បំពេញភារកិច្ចដឹកនាំអង្គភាព រួមចំណែកអភិវឌ្ឍន៍កងយោធពលខេមរភូមិន្ទ ឱ្យកាន់តែរីកចម្រើន»។

ឯកឧត្តមអគ្គមេបញ្ជាការ បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ នាយទាហាន បញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម បន្តពង្រឹងប្រព័ន្ធដឹកនាំបញ្ជា រក្សាការសម្ងាត់កងទ័ពឲ្យបានល្អ ក្នុងនោះចាត់តាំងប្រចាំបញ្ជា ពង្រឹងសមត្ថភាព កាយសម្បទាឱ្យបានរឹងមាំ និងគោរពវិន័យឱ្យបានម៉ឹងម៉ាត់បំផុត ដើម្បីក្លាយជាកម្លាំងពិសេសប្រកបដោយថាមពលមុតស្រួច៕