អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន ផ្ញើសារលិខិតជូនពរសម្តេចរដ្ឋសភាធិបតី ឃួន សុដារី ក្នុងឱកាសខួបចម្រើនជន្មាយុគម្រប់ ៧១ឈានចូល៧២ឆ្នាំ

(ភ្នំពេញ)៖ ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ព្រមទាំងថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃកងយោធពលខេមរភូមិន្ទ បានផ្ញើសារលិខិតជូនពរ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នៅក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់៧១ឆ្នាំ ឈានចូល៧២ឆ្នាំ ដែលប្រព្រឹត្តទៅ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣។

យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវទឹកចិត្តសោមនស្សរីករាយយ៉ាងក្រៃលែង និងចូលរួមជូននូវសព្ទសាធុការពរជ័យ បវរសួស្ដី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការ ប្រកបដោយមនោសញ្ចេតនាគោរពស្រឡាញ់យ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចមហារដ្ឋសភាធិការធិបតី ប្រធានរដ្ឋសភា សូមសមប្រកបដោយបញ្ញាញាណភ្លឺថ្លាឈ្លាសវៃ កាយពលរឹងមាំ សុខភាពល្អបរិបូណ៌ និងជន្មាយុយឺនយូរចាកផុតពីរោគាព្យាធិនានាតរៀងទៅ។

យើងខ្ញុំទាំងអស់គ្នា សូមថ្លែងអំណរគុណ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងដោយយកអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងបទពិសោធក្នុងការ ចូលរួមចំណែកពង្រឹងនីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការគោរពសិទ្ធិមនុស្ស ការពង្រឹងសមត្ថភាពស្ថាប័ន និងការចូលរួមចំណែកក្នុងបេសកកម្មមនុស្សធម៌ជាមួយសមាគមកាកបាទក្រហមកម្ពុជា ពង្រឹងបាននិរន្តរភាព នៃចលនាកាកបាទក្រហមកម្ពុជា សំដៅចូលរួមចំណែកដ៏សកម្មជាមួយរាជរដ្ឋាភិបាល ដើម្បីកិច្ចអភិវឌ្ឍព្រះរាជាណាចក្រកម្ពុជាដ៏បវរនៃយើងឱ្យរឹងរិតតែមានភាពរីកចម្រើនរុងរឿងខ្លាំងក្លា ជាឧត្តមប្រយោជន៍ចំពោះជាតិមាតុភូមិ និងប្រជាជន។

យើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាឆ្នាំថោះ បញ្ចស័ក ព្រះនាម កិមិរាទេវី សូមព្រះអង្គតាមជួយ ថែរក្សាអភិបាលប្រោះព្រំនូវសព្ទសាធុការពរជ័យគ្រប់ប្រការជូន ចំពោះសម្តេចមហារដ្ឋសភាធិការធិបតី និងក្រុមគ្រួសារ សូមសមប្រកបដោយពុទ្ធពរដ៏ឧត្ដុង្គឧត្តមថ្លៃថ្លាទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ ជានិច្ចនិរន្តរ៍តរៀងទៅ៕