អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

នាយឧត្ដមសេនីយ៍ វង្ស ពិសេន ផ្ញើលិខិតជូននាយឧត្ដមសេនីយ៍ ណុប រតនា ចូលរួមរំលែកទុក្ខ ចំពោះមរណភាពម្ដាយបង្កើត

(ភ្នំពេញ)៖ ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ព្រមទាំងថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃកងយោធពលខេមរភូមិន្ទ សម្តែងនូវសមានទុក្ខយ៉ាងក្រៀមក្រំ និងសោកស្តាយជាទីបំផុត ជូនឯកឧត្ដម នាយឧត្ដមសេនីយ៍ ណុប រតនា អគ្គមេបញ្ជាការរង មេបញ្ជាការ បញ្ជាការដ្ឋានកាំភ្លើងធំ និងលោកជំទាវ ចំពោះមរណភាពម្ដាយបង្កើតរបស់ឯកឧត្ដម។

មហាឧបាសិកា មុន សៀម សីលចរណវិសុទ្ធ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ត្រូវជាម្តាយបង្កើតរបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ណុប រតនា បានទទួលមរណភាព នៅថ្ងៃព្រហស្បតិ៍ ១០រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ៣:៣៣នាទីទៀបភ្លឺ ក្នុងជន្មាយុ ៩០ឆ្នាំ ដោយជរាពាធ។

ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ យើងខ្ញុំសូមសម្តែងនូវការសោកស្តាយ ដោយក្តីអាឡោះអាល័យជាមួយឯកឧត្ដម និងក្រុមគ្រួសារ ចំពោះការបាត់បង់ម្តាយ ម្តាយក្មេក ជីដូន ជាទីគោរពស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ ហើយក៏ជាការបាត់បង់ នូវពុទ្ធសាសនូបត្ថម្ភក៍១រូប ដែលនាពេលកន្លងមកតែងតែរួមចំណែកកសាង សមិទ្ធផលនានា សម្រាប់បម្រើក្នុង វិស័យពុទ្ធចក្រ និងអាណាចក្រ។

យើងខ្ញុំ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធមហាឧបាសិកា មុន សៀម សូមឆាប់បានចាប់កំណើតកើតក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕