អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អនុញ្ញាតឱ្យអគ្គនាយក អគ្គនាយកដ្ឋាននយោបាយ សន្តិសុខអន្តរជាតិកាណាដា ចូលជួបសម្តែងការគួរសម

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឱ្យលោកឧត្តមសេនីយ៍ទោ ហ្គ្រេហ្គោរី ស្មីត (Gregory Smith) អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ សន្តិសុខអន្តរជាតិកាណាដា ចូលជួបសម្តែងការគួរសម នៅអគ្គបញ្ជាការដ្ឋាន។

ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានសម្ដែងនូវការស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ សន្តិសុខអន្តរជាតិកាណាដា ហើយសង្ឃឹមថា តាមដំណើរទស្សនកិច្ចនេះនឹងបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែប្រសើរថែមទៀត។

ឯកឧត្តម នាយឧត្តមសេនីយ៍ បានលើកឡើងពីសភាពការណ៍មួយចំនួននៅកម្ពុជា ជាពិសេស សន្តិភាពរយៈពេល២៥ឆ្នាំ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន កម្ពុជាបានសម្រេចនូវកំណើនសេដ្ឋកិច្ច ការគ្រប់គ្រងស្ថានការណ៍កូវីដ-១៩ ការរៀបចំកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធ ការប្រកួតកីឡាស៊ីហ្គេម ប៉ារ៉ាហ្គេម ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៧ និងការរៀបចំរាជរដ្ឋាភិបាលអាណត្តិថ្មីដែលមានសម្ដេចបវរអធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីប្រកបដោយជោគជ័យ។

ពាក់ព័ន្ធដល់កិច្ចទំនាក់ទំនងរវាងប្រទេសទាំងពីរ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានគូសបញ្ជាក់ថា កម្ពុជា-កាណាដា បានភ្ជាប់ទំនាក់ទំនងតាំងពីឆ្នាំ១៩៥២ ហើយក្នុងរយៈពេលជាង៧០ឆ្នាំមកនេះ  ប្រទេសទាំងពីរបានមានទំនាក់ទំនងល្អជាមួយគ្នា ដោយ ឯកឧត្តម បានថ្លែងអំណរគុណប្រទេសកាណាដា ដែលបានយកចិត្តទុកដាក់គាំទ្រក្នុងការស្វែងរកសន្តិភាពឱ្យកម្ពុជា ជួយកម្ពុជាក្នុងវិស័យមនុស្សធម៌ ពិសេសវិស័យដោះមីន ស្របតាមយុទ្ធសាស្ត្រកម្ពុជាគ្មានមីនត្រឹមឆ្នាំ២០២៥។

ក្នុងនាមក្រសួងការពារជាតិ និងអគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនកិច្ចសហប្រតិបត្តិការយោធាកម្ពុជា-កាណាដា កន្លងមក តាមរយៈទស្សនកិច្ចរបស់នាវាយោធាកាណាដាកាលពីខែកញ្ញា ឆ្នាំ២០២២ និងដំណើរទស្សនកិច្ចរបស់អគ្គនាយកអគ្គនាយកដ្ឋាននយោបាយ សន្តិសុខអន្តរជាតិកាណាដានាពេលនេះ ដើម្បីចុះហត្ថលេខាជាមួយតំណាងក្រសួងការពារជាតិកម្ពុជា ដែលនេះជាផែនទីចង្អុលផ្លូវសម្រាប់ពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ។ 

ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានស្នើសុំកាណាដាជួយបណ្ដុះបណ្ដាលធនធានមនុស្សក្នុងកងយោធពលខេមរភូមិន្ទ ការផ្លាស់ប្ដូរទស្សនកិច្ចគ្រប់កម្រិត ការផ្លាស់ប្ដូរព័ត៌មានសំដៅរួមគ្នាទប់ស្កាត់អំពើភេរវកម្ម ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែននានា និងកិច្ចសហប្រតិបត្តិការលើការងារសង្គ្រោះគ្រោះមហន្តរាយ បេសកកម្មថែរក្សាសន្តិភាព ក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងប្រភេទទ័ពនិងប្រភេទទ័ព។ 

ជាកិច្ចឆ្លើយតប លោកឧត្តមសេនីយ៍ទោ ហ្គ្រេហ្គោរី ស្មីត បានថ្លែងអំណរគុណ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ ដែលបានផ្ដល់ឱកាសឲ្យរូបលោកបានចូលជួបសំដែងការគួរសម និងបានស្វែងយល់ពីស្ថានភាពនយោបាយ សេដ្ឋកិច្ចរបស់កម្ពុជា ក៏ដូចជាការបង្ហាញអំពីឱកាសនៃការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-កាណាដាផងដែរ។

លោកឧត្តមសេនីយ៍ទោ ហ្គ្រេហ្គោរី ស្មីត បានគូសបញ្ជាក់ថា ក្នុងឆ្នាំ២០២៣ ដោយមានការគាំទ្រពីកម្ពុជា ប្រទេសកាណាដាមានឱកាសបានចូលរួមនៅក្នុងកិច្ចប្រជុំក្រុមជំនាញចំនួន ២ គឺក្រុមជំនាញទទួលបន្ទុកជំនួយមនុស្សធម៌សង្គ្រោះនៅពេលមានគ្រោះអន្តរាយ និងក្រុមការងារសន្តិសុខលំហរសមុទ្រ ដោយកាណាដាបានវាយតម្លៃខ្ពស់ចំពោះប្រទេសកម្ពុជាដែលបានជួយឲ្យប្រទេសកាណាដាបានចូលរួមជាអ្នកសង្កេតការណ៍នៅក្នុងកិច្ចប្រជុំដ៏សំខាន់ទាំងពីរនេះ។ 

លោកឧត្តមសេនីយ៍ទោ ហ្គ្រេហ្គោរី ស្មីត បានបន្តថា ដោយមានការពាក់ព័ន្ធលើវិស័យការងារជាច្រើនដែលភាគីទាំងពីរអាចធ្វើការជាមួយគ្នា ហើយការងារមួយចំនួនស្ថិតក្នុងក្របខណ្ឌនៃកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ានបូក ប្រទេសកាណាដា សូមស្នើសុំការគាំទ្រពីប្រទេសកម្ពុជា ដើម្បីឲ្យប្រទេសកាណាដានៅតែបន្តចូលរួមក្នុងកិច្ចប្រជុំនេះបន្តទៅទៀត៕