អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

កម្ពុជា-សហរដ្ឋអាមេរិក ពិភាក្សាការកែលម្អទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ

(ភ្នំពេញ)៖ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ, ឯកឧត្តម Jed Royal ឧបការីរងការពារជាតិសហរដ្ឋអាមេរិក បានលើកឡើងពីការកែលម្អឲ្យមានភាពល្អប្រសើរនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

ក្នុងជំនួបនារសៀលថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០២៤ ដែលធ្វើឡើងនៅអគ្គបញ្ជាការដ្ឋាន ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងនូវការស្វាគមន៍ដំណើរទស្សនកិច្ចរបស់ឧបការីរងការពារជាតិសហរដ្ឋអាមេរិក និងបានចាត់ទុកដំណើរទស្សនកិច្ចនេះថា នឹងបង្កើនទំនាក់ទំនងល្អថែមទៀតរវាង កម្ពុជា-សហរដ្ឋអាមេរិក។ 

ឯកឧត្តមអគ្គមេបញ្ជាការ បានបញ្ជាក់ពីចំហរកម្ពុជា ដែលនៅតែប្រកាន់ខ្ជាប់គោលនយោបាយការបរទេសឯករាជ្យ ដោយផ្អែកលើច្បាប់ កសាងមិត្តភាព ពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសទាំងអស់នៅលើសកលលោក និងអង្គការអន្តរជាតិនានា ហើយចូលរួមយ៉ាងសកម្មដើម្បីថែរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ វិបុលភាពក្នុងតំបន់ និងពិភពលោក។

ឯកឧត្តមអគ្គមេបញ្ជាការ បានរម្លឹកពីទំនាក់ទំនងរវាងកម្ពុជា-សហរដ្ឋអាមេរិក ដែលមានចាប់តាំងពីឆ្នាំ១៩៥០ និងបានថ្លៃងអំណរគុណដល់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបានចូលរួមយ៉ាងសកម្មក្នុងដំណើរការបង្រួបបង្រួមជាតិ និងការកសាង រក្សាសន្តិភាពនៅកម្ពុជា នាដើមទស្សវត្សទី៩០ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ និងការជួយបណ្តុះបណ្តាលកម្លាំងថែរក្សាសន្តិភាព។

ក្នុងនាមក្រសួងការពារជាតិ និងអគ្គបញ្ជាការ ឯកឧត្តម វង្ស ពិសេន បានវាយតម្លៃខ្ពស់ចពោះការរីកចម្រើនកិច្ចសហប្រតិបត្តិការយោធាកម្ពុជា-សហរដ្ឋអាម៉េរិក ដែលបានអនុវត្តនាពេលថ្មីៗ តាមរយៈការផ្តល់ឡើងវិញវគ្គបណ្តុះបណ្ដាលផ្នែកសន្តិសុខ និងភាសាអង់គ្លេសដល់នាយទាហានកម្ពុជា ក៏ដូចជាការចូលរួមកិច្ចប្រជុំនានាដែលរៀបចំដោយកងទ័ពសហរដ្ឋអាមេរិក។

ឯកឧត្តមអគ្គមេបញ្ជាការការ បានស្នើភាគីសហរដ្ឋអាម៉េរិកបន្តជួយបណ្តុះបណ្តាលធនធានមនុស្ស ការផ្លាស់ប្តូរទស្សនកិច្ចយោធាគ្រប់កម្រិត ផ្លាស់ប្តូរព័ត៌មានចារកិច្ច ដើម្បីទប់ស្កាត់អំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន និងបន្តកិច្ចសហប្រតិបត្តិការជាមួយកងយោធពលខេមរភូមិន្ទក្នុងបេសកកម្មរក្សាសន្តិភាព ការងារមនុស្សធម៌ និងសង្គ្រោះគ្រោះមហន្តរាយនានា។

ជាកិច្ចឆ្លើយតប ឯកឧត្តម Jed Royal បានថ្លែងការចាប់អារម្មណ៍ចំពោះការរីកចម្រើនរបស់កម្ពុជា និងមានការរីករាយដែលបច្ចុប្បន្នសហរដ្ឋអាមេរិកក្លាយជាដៃគូជាមួយកម្ពុជា ដែលជាប្រទេសមួយក្នុងចំណោមសមាជិកសមាគមអាស៊ាន ហើយសហរដ្ឋអាមេរិកក៏ជាដៃគូជាមួយសមាគមអាស៊ានផងដែរ។

ឯកឧត្តម Jed Royal បានចាត់ទុកដំណើរទស្សនកិច្ចរបស់ឯកឧត្តមនាពេលនេះ គឺជាឱកាសដ៏ល្អមួយដែលកម្ពុជានិងសហរដ្ឋអាមេរិក អាចបន្តកិច្ចសហប្រតិបត្តិការបន្ថែមលើវិស័យនានាដែលមានស្រាប់ ជាពិសេសលើវិស័យដោះមីន និងការរុករុកអដ្ខិធាតុជនជាតិអាម៉េរិកបាត់ខ្លួន តាមរយៈគណៈកម្មការ POW/MIA កម្ពុជា-សហរដ្ឋអាម៉េរិក។

ឯកឧត្តម Jed Royal បានគូសបញ្ជាក់ពីទំនាក់ទំនងរវាងកងទ័ពប្រទេសទាំងពីរដែលមិនសូវល្អ ដូច្នេះដើម្បីបង្ហាញពីភាពស្មោះត្រង់ ឯកឧត្តមបានផ្ដល់នូវពីរចំណុច: ទីមួយ បង្កើនទំនាក់ទំនងចំពោះការគាំទ្រសហរដ្ឋអាមេរិកនៅលើផ្នែកដោះមីន, ទី២ ធ្វើឲ្យប្រសើរឡើងនូវការជ្រើសរើសបេក្ខភាព ដើម្បីទៅសិក្សានៅមជ្ឈមណ្ឌលសន្តិសុខ សហរដ្ឋអាមេរិក។

ជាមួយនោះ ឯកឧត្តមឧបការីរងការពារជាសហរដ្ឋអាមេរិក ក៏បានលើកឡើងពីការស្នើសុំរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា និងប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីបង្កើតក្រុមការងារទទួលខុសត្រូវ ក្នុងការរកឲ្យឃើញនូវចំណុចណាដែលនាំឲ្យមានការរីកចម្រើនដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ កម្ពុជា-សហរដ្ឋអាមេរិកផងដែរ។

ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន បានគាំទ្រចំពោះការលើកឡើងរបស់ឯកឧត្តម Jed Royal នៅលើបញ្ហាដោះមីននៅកម្ពុជា ដែលជាគោលការណ៍របស់រាជរដ្ឋាភិបាលនៅក្នុងការដោះមីនឲ្យអស់នៅមុនឆ្នាំ២០២៥ និងការបង្កើតឲ្យមានក្រុមការងារទទួលខុសត្រូវ ដើម្បីរកឃើញនៅចំណុចល្អ និងរីកចម្រើនរដល់វាងប្រទេសទាំងពីរ៕