អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេនអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវានារីអន្តរជាតិ ៨មីនា ខួបលើកទី១១៣

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ទី១ ខែមីនា ឆ្នាំ២០២៤នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញជាអធិបតីនៅក្នុងពិធីអបអរសាទរទិវានារីអន្តរជាតិ ៨ មីនា ខួបលើកទី១១៣ នៅអគ្គបញ្ជាការដ្ឋាន។

ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានគូសបញ្ជាក់ថា ទិវាអន្តរជាតិនារី ៨មីនា ខួបទី១១៣ ដែលបានរៀបចំប្រារព្ធពិធីដ៏មានសារៈសំខាន់នាពេលនេះ ដើម្បីរំលឹកពីភាពអង់អាចក្លាហាន នៃការតស៊ូទាមទារសិទ្ធិសេរីភាពស្មើគ្នារបស់នារី និងឆ្លុះបញ្ចាំងអំពីវឌ្ឍនភាព សមិទ្ធផល បញ្ហាប្រឈម ការប្តេជ្ញាចិត្ត និងវិធានការជាវិជ្ជមាននានា ក្នុងការលើកកម្ពស់សមភាពយេនឌ័រ បង្កើនភាពអង់អាច និងតម្លៃយោធិននារីគ្រប់រូបនៅក្នុងកងយោធពលខេមរភូមិន្ទ។

ក្នុងនាមក្រសួងការពារជាតិ និងអគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងកោតសរសើរដោយស្មោះចំពោះយោធិននារីគ្រប់រូប ដែល កន្លងមកនេះបានបំពេញបេសកកម្មប្រកបដោយភាពអំណត់ព្យាយាម ពុះពារគ្រប់ឧបសគ្គ ដើម្បីចូលរួមចំណែកក្នុងបុព្វហេតុការពារឯករាជ្យ សន្តិភាព បូរណភាពទឹកដី និងសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាពលរដ្ឋ។

«ប្រការទាំងនេះ ទើបក្រសួងការពារជាតិ និងអគ្គបញ្ជាការ បានយកចិត្តទុកដាក់រៀបចំយោធិននារីឱ្យមានតួនាទីក្នុងជួរថ្នាក់ដឹកនាំ នៅអគ្គបញ្ជាការដ្ឋាន មាននារីជាអគ្គមេបញ្ជាការង មេបញ្ជាការរង នាយករង នាយសេនាធិការរង និងថ្នាក់បន្តបន្ទាប់ជាច្រើនទៀត»។ នេះជាការបញ្ជាក់របស់ឯកឧត្តមនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ។

ឯកឧត្តម បានរំលេចពីមនុញ្ញផលនៃសន្តិភាពក្នុងរយៈពេល២៦ឆ្នាំដែលកើតចេញពីការអនុវត្តដោយជោគជ័យនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន អគ្គមគ្គុទ្ទេសក៍ឯកនៃសន្តិភាព និងការអភិវឌ្ឍជាតិ ធ្វើឱ្យកម្ពុជាសម្រេចបានសមិទ្ធផលជាតិធំៗជាច្រើនក្នុងប្រវត្តិសាស្ត្រ និងរក្សាបានសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គមល្អប្រសើរ ដែលជាបុរេលក្ខខណ្ឌមិនអាចខ្វះបានក្នុងការអភិវឌ្ឍប្រទេសជាតិ។

ជាមួយនោះ ឯកឧត្តមអគ្គមេបញ្ជាការ បានថ្លែងអបអរសាទរ និងគាំទ្រទាំងស្រុងគំនិតផ្តួចផ្តើមរបស់ក្រសួងកិច្ចការនារី និងតួអង្គពាក់ព័ន្ធដែលបានសម្រេចជ្រើសរើសយកមូលបទ«ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល» ក្នុងគោលបំណងរំលេចអំពីសក្តានុពល និងភាពចាំបាច់នៃការលើកកម្ពស់ការចូលរួម និងភាពជាតំណាងរបស់ស្ត្រី និងក្មេងស្រី ក្នុងវិស័យឌីជីថលប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព។

ឯកឧត្តម បន្តថា រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានកំណត់ការលើកកម្ពស់សមភាពយេនឌ័រនិងការបង្កើនភាពអង់អាចរបស់ស្ត្រី និងក្មេងស្រីនៅគ្រប់វិស័យ ជាអាទិភាពក្នុងរបៀបវារៈគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ តាមរយៈការពង្រឹងភាពជាពលរដ្ឋក្នុងសង្គម ដែលមានអារ្យធម៌ខ្ពស់ប្រកបដោយ សីលធម៌ សមធម៌ និងបរិយាបន្ន ដែលក្នុងនោះស្ត្រីគឺជាស្នូល។

បើតាមការបញ្ជាក់របស់ឯកឧត្តម ថ្មីៗនេះ ក្នុងពិធីបិទសន្និបាតរបស់ក្រសួងកិច្ចការនារី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានផ្ដល់អនុសាសន៍និងលើកទឹកចិត្តឱ្យសហការដោះស្រាយគម្លាតយេនឌ័រក្នុងវិស័យឌីជីថល ជាពិសេសការបង្កើនការចូលរួមរបស់ស្ត្រី និងក្មេងស្រីក្នុងវិស័យឌីជីថល ដោយការប្រើប្រាស់ឌីជីថល ការអប់រំចំណេះដឹង ជំនាញផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម សិល្បៈ និងគណិតវិទ្យា ដែលជាវិស័យមានប្រជាប្រិយភាពក្នុងសម័យឌីជីថល។

ឯកឧត្តមនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានផ្តាំផ្ញើយោធិននារីឲ្យបន្តពង្រឹងសាមគ្គីភាព រួមគ្នាថែរក្សាឱ្យបានរឹងមាំសន្តិភាព និងប្រតិបត្តិឱ្យបានខ្ជាប់ខ្ជួននូវប្រពៃណីដ៏ល្អផូរផង់របស់នារីខ្មែរ ដែលជាកេរ្តិ៍ដំណែលពីដូនតា បន្តលើកកម្ពស់តម្លៃស្ត្រី និងពង្រឹងសីលធម៌រស់នៅឱ្យបានសមស្របតាមការវិវឌ្ឍជឿនលឿនរបស់សង្គមជាតិ។

បន្ថែមលើសនេះ ឯកឧត្តម ក៏បានជំរុញឲ្យយោធិននារីយកចិត្តទុកដាក់អភិវឌ្ឍមូលធនមនុស្ស និងឌីជីថល តាមរយៈការបង្កើនការវិនិយោគលើការអប់រំ និងការអភិវឌ្ឍជំនាញក្នុងវិស័យបច្ចេកវិទ្យាឌីជីថល ពង្រឹងសមត្ថភាពជំនាញស្របតាមបច្ចេកវិជ្ជាទំនើប គោរពឱ្យបានម៉ឺងម៉ាត់លក្ខន្តិកៈទូទៅចំពោះកងយោធពលខេមរភូមិន្ទ និងបទបញ្ជានានា ដើម្បីចូលរួមចំណែកក្នុងភារកិច្ចការពារជាតិ និងការអភិវឌ្ឍជាតិឲ្យរីកចម្រើន៕