អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន៖ ការងារហ្វឹកហ្វឺន គឺជាជ្រុងអាទិភាពមួយនៃការកែទម្រង់កងយោធពលខេមរភូមិន្ទ

(ភ្នំពេញ)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោពលខេមរភូមិន្ទ បានលើកឡើងថា ការងារហ្វឹកហ្វឺន គឺជាជ្រុងអាទិភាពមួយក្នុងចំណោមអាទិភាពជាច្រើនទៀត នៃការកែទម្រង់កងយោធពលខេមរភូមិន្ទ ដែលត្រូវបន្តយកចិត្តទុកដាក់ ព្រោះថាការហ្វឹកហ្វឺនជាកាអភិវឌ្ឍធនធានមនុស្សឱ្យកាន់តែទំនើប រៀបរយ និងមានប្រសិទ្ធភាព។

ការថ្លែងបែបនេះរបស់ ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន បានធ្វើឡើងនៅក្នុងពិធីបិទសិក្ខាសាលាបូកសរុបលទ្ធផលការងារហ្វឹកហ្វឺន ឆ្នាំ២០២៣ និងផ្សព្វផ្សាយផែនការហ្វឹកហ្វឺន ឆ្នាំ២០២៤ របស់កងយោធពលខេមរភូមិន្ទ នារសៀលថ្ងៃអង្គារ៍ ទី១២ ខែមីនា ឆ្នាំ២០២៤ នៅអគ្គបញ្ជាការដ្ឋាន។

ឯកឧត្តម គូសបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានខិតខំជំរុញការធ្វើកំណែទម្រង់លើវិស័យការពារជាតិ ជាពិសេសការងារហ្វឹកហ្វឺនកងទ័ពឱ្យកាន់តែស៊ីជម្រៅ  ដោយឈរលើស្មារតីជាតិនិយម ស្មោះត្រង់ចំពោះជាតិ ប្រជាជន ស្មារតីការពារជាតិ សាសនា ព្រះមហាក្សត្រ និងថែរក្សាការពារសន្តិភាពឲ្យបានរឹងមាំយូរអង្វែង។

ឯកឧត្តម បានបន្តថា ការវិនិយោគក្នុងវិស័យហ្វឹកហ្វឺនកន្លងមក គឺបានរួមចំណែកយ៉ាងសំខាន់ដល់ការកែទម្រង់កងយោធពលខេមរភូមិន្ទ ទាំងការកសាង និងពង្រឹងវិស័យការពារជាតិឱ្យរឹងមាំ ដោយបង្កើនគុណភាពធនធានមនុស្សប្រកបដោយចំណេះដឹង ចំណេះធ្វើ សម្រាប់ជាប្រភពបន្តវេន និងការធ្វើសមាហរណកម្មក្នុងសហគមន៍អន្តរជាតិ។

“ដើម្បីកសាងកងយោធពលខេមរភូមិន្ទឲ្យបានរឹងមាំ ចាំបាច់ត្រូវតែថ្លឹងថ្លែងឱ្យបានត្រឹមត្រូវអំពីចំណងទាក់ទង រវាងបរិមាណនិងគុណភាព រវាងសំណូមពរនិងលទ្ធភាព និងរវាងមនុស្សនិងអាវុធយុទ្ធភ័ណ្ឌ មធ្យោបាយ សម្ភារៈបំពាក់ “។ នេះជាការបញ្ជាក់របស់ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន។

ក្នុងនាមក្រសួងការពារជាតិ និងអគ្គបញ្ជាការ ឯកឧត្តម បានគោរពថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ដែលតែងយកចិត្តទុកដាក់ខ្ពស់ក្នុងការឧបត្ថម្ភគាំទ្រ ទាំងស្មារតី សម្ភារៈ និងថវិកាដល់ការងារហ្វឹកហ្វឺនកងយោធពលខេមរភូមិន្ទ។

តាមសេចក្តីរាយការណ៍របស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ ប៉ែន សុក្រឹតវិទ្យា នាយកទីចាត់ការហ្វឹកហ្វឺន បានឲ្យដឹងថា អង្គសិក្ខាសាលាបានប្រព្រឹត្តទៅពេញមួយថ្ងៃ ដោយមានការចូលរួមពីប្រធានស្ថាប័ន មេបញ្ជាការ នាយកគ្រឹះស្ថាន បណ្តាជំនាញហ្វឹកហ្វឺនមកពីអង្គភាពចំណុះក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន ប្រភេទទ័ព ទ័ពជំនាញ យោធភូមិភាគ និងបណ្តាកងពល។

នៅក្នុងរយៈពេលមួយថ្ងៃនេះ អង្គសិក្ខាសាលាបានធ្វើការពិភាក្សាដកពិសោធន៍ លើកឡើងអំពីបញ្ហាប្រឈមដើម្បីរួមគ្នាដោះស្រាយ និងរិះរកចំណុចល្អៗ ដែលមានមេបញ្ជាការកងឯកភាព និងនាយកគ្រឹះស្ថានសិក្សាយោធាបានចូលរួមយោបល់ និងដាក់ចេញនូវវិធានការណ៍អនុវត្ត សំដៅហ្វឹកពង្រឹងសមត្ថភាពយោធិនគ្រប់ថ្នាក់ គ្រប់ជំនាញឲ្យទទួលបានលទ្ធផលល្អ៕