(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯកពិសេស ថាំង ហាវ នាយការិយាល័យអនុព័ន្ធយោធាចិនប្រចាំកម្ពុជា និងសហការី បានអញ្ជើញជួបឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ដើម្បីជូនពរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងឈានចូលមកដល់នៅក្នុងថ្ងៃខាងមុខ។
ក្នុងឱកាសនោះ លោកវរសេនីយ៍ឯកពិសេស ថាំង ហាវ បានថ្លែងអំណរគុណដល់ឯកឧត្តមអគ្គមេបញ្ជាការ ដែលបានអនុញ្ញាតឱ្យការិយាល័យអនុព័ន្ធយោធាចិនមកជូនពរឆ្នាំថ្មីនាឱកាសនេះ និងបានពាំនាំការជូនពររបស់ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាជូនឯកឧត្តមអគ្គមេបញ្ជាការ សូមមានសុភមង្គល និងសុខភាពល្អបរិបូណ៌។
លោកវរសេនីយ៍ឯកពិសេស ថាំង ហាវ បានថ្លែងអំណរគុណដល់ឯកឧត្តមអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ដែលក្នុងឆ្នាំ២០២៣កន្លងមកនេះ កងទ័ពប្រទេសទាំងពីរមានកិច្ចសហប្រតិបត្តិការល្អប្រសើរ ទាំងការផ្លាស់ប្ដូរទស្សនកិច្ច ការធ្វើសមយុទ្ធយោធារួមគ្នា និងការផ្ដល់ជំនួយផ្សេងៗ ទាំងសម្ភារៈ និងយោធាបរិក្ខារ។
លោកវរសេនីយ៍ឯកពិសេស ថាំង ហាវ បានសម្ដែងនូវជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ នឹងរក្សាបានក្នុងកម្រិតខ្ពស់។
ក្នុងនាមការិយាល័យអនុព័ន្ធយោធាចិនប្រចាំនៅកម្ពុជា លោកវរឯកពិសេស ថាំង ហាវ បានសន្យាថានឹងខិតខំបន្តអនុវត្តកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរឲ្យបានហ្មត់ចត់ ក្រោមការជួយជ្រោមជ្រែងរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ និងថ្នាក់ដឹកនាំដទៃទៀតក្នុងកងយោធពលខេមរភូមិន្ទ។
ជាកិច្ចឆ្លើយតប ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងអំណរគុណដល់ការិយាល័យអនុព័ន្ធយោធាចិន ដែលបានឆ្លៀតឱកាសមកជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ហើយតាមរយៈការិយាល័យអនុព័ន្ធយោធាចិន ឯកឧត្តមអគ្គមេបញ្ជាការ ក៏បានផ្ដាំផ្ញើសួរសុខទុក្ខដល់ថ្នាក់ដឹកនាំរដ្ឋាភិបាល ថ្នាក់ដឹកនាំកងទ័ពរំដោះប្រជាជនចិន សូមឱ្យមានសុខភាពល្អ និងទទួលបានជោគជ័យថែមទៀតក្នុងភារកិច្ចបម្រើជាតិ។
ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការបានលើកឡើងថា កម្ពុជា-ចិន មានប្រវត្តិទំនាក់ទំនងជាប្រពៃណី និងជាមេត្រីភាពតាំងពីយូរយារណាស់មកហើយ ហើយពីមួយឆ្នាំទៅមួយឆ្នាំ ប្រទេសទាំងពីរបានបង្កើនសហប្រតិបត្តិការ ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជាមិត្តភាពដែកថែប មិត្តភាពត្បូងពេជ្រ និងកិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់និងផ្លូវ។
ឯកឧត្តមអគ្គមេបញ្ជាការ បានថ្លែងអំណរគុណដល់សាធារណរដ្ឋប្រជាមានិតចិន ដែលបានផ្ដល់ជំនួយឧបត្ថម្ភយ៉ាងច្រើនសម្រាប់ការអភិវឌ្ឍន៍កម្ពុជា ពិសេសការពង្រឹងហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ពានធំៗដែលឆ្លងកាត់ទន្លេ ជំនួសឱ្យផ្លូវដែលគ្មានកាលពីពេលមុន ហើយបានជួយជំរុញសេដ្ឋកិច្ចរបស់កម្ពុជា ក៏ដូចជាការតភ្ជាប់ពីតំបន់មួយទៅតំបន់មួយកាត់បន្ថយពេលវេលានិងការចំណាយ។
ដោយឡែកលើវិស័យយោធា ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លៃអំណរគុណដល់កងទ័ពរំដោះប្រជាជនចិន ដែលបានផ្តល់កិច្ចសហការលើច្រើនវិស័យ ក្នុងនោះរួមមាន៖ ការជួយបណ្ដុះបណ្ដាលធនធានមនុស្ស ការទំនាក់ទំនងផ្លាស់ប្ដូរទស្សនកិច្ច ការផ្ដល់សម្ភារៈបរិក្ខារ ការធ្វើសមយុទ្ធយោធារួមគ្នា ហើយថ្មីៗនេះ មិត្តចិនជួយធ្វើទំនើបកម្មមូលដ្ឋានសមុទ្ររាម។
ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ សង្ឃឹមជឿជាក់ថា ទៅថ្ងៃអនាគតចំណង សាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-ចិន នឹងត្រូវបានពង្រឹងបន្ថែមលើក្របខ័ណ្ឌ «កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» និងធ្វើឱ្យស៊ីជម្រៅលើការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី៕