អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

អគ្គមេបញ្ជាការ ដឹកនាំប្រតិភូចុះសួរសុខទុក្ខ និងនាំយកថវិកាផ្តល់ជូនកងទ័ពនៅអង្គភាពយោធភូមិភាគពិសេស អបអរពិធីបុណ្យចូលឆ្នាំថ្មី

 

(ភ្នំពេញ)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នារសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ បានដឹកនាំប្រតិភូចុះសួរសុខទុក្ខ និងនាំយកថវិកាផ្តល់ជូនកងទ័ពនៅអង្គភាពយោធភូមិភាគពិសេស ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្ណិជាតិខ្មែរ ដែលនឹងឈានមកដល់ក្នុងថ្ងៃខាងមុខ។

ថ្លែងក្នុងពិធីសំណេះសំណាល ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវ, ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកជំទាវ ផ្ញើជូននាយទាហាន ពលទាហាន នៅទិសយោធភូមិភាគពិសេស ដែលបានលះបង់កម្លាំងកាយចិត្តក្នុងភារកិច្ចការពារបូរណភាពទឹកដី។

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានលើកឡើងពីការដឹកនាំរាជរដ្ឋាភិបាលអាណត្តិទី៧ ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ បន្តថែរក្សាបានសុខសន្តិភាព ស្ថិរភាព ដែលជាកត្តាមិនអាចខ្វះបាននៃការអភិវឌ្ឍ និងបានអំពាវនាវឲ្យកងទ័ពបន្តចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការការពារសន្តិភាពដែលរកបានដោយលំបាក មិនត្រូវឱ្យប្រទេសណា ឬក្រុមណាមួយមកបំផ្លាញសន្តិភាពបានឡើយ ទោះក្នុងតម្លៃណាក៏ដោយ។

ពាក់ព័ន្ធការងារចំពោះមុខ ឯកឧត្តម នាយឧត្តមសេនីយ៍ បានជំរុញឱ្យថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន បន្តយកចិត្តទុកដាក់ការពារបូរណភាពទឹកដី ប្រកបដោយការស្មោះត្រង់ដាច់ខាតចំពោះជាតិមាតុភូមិ គោរពម៉ឺងម៉ាត់រាល់បទបញ្ជា, សារាចរណែនាំ, លក្ខន្តិកៈកងយោធពលខេមរភូមិន្ទ, និងបទដ្ឋានគតិយុត្តនានា, ប្រកាន់ភ្ជាប់នូវប្រពៃណីជាកងទ័ពជាតិ។

ឯកឧត្តម អគ្គមេបញ្ជាការ បានលើកទឹកចិត្តដល់នាយទាហានឲ្យបន្តចូលរួមកែទម្រង់ឲ្យបានជាប្រចាំ ទាំងផ្នែកសម្ភារ គ្រឿងបំពាក់ និងធនធានមនុស្ស ជាពិសេសការផ្ទេរចំណេះដឹងសមត្ថភាពជំនាញ ការដឹកនាំបញ្ជាទៅអ្នកជំនាន់ក្រោយ ហើយអ្វីដែលសំខាន់គឺគិតពីកម្លាំងជំនាញដែលត្រូវបន្តវេនតាមជំហាន ក្នុងនោះរួមមាន: បទពិសោធន៍ ចំណេះដឹង សមត្ថភាព និងភាពជាអ្នកដឹកនាំ។ 

ជាមួយនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ ក៏បានក្រើនរំលឹកដល់ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន ក្នុងការគ្រប់គ្រងថែរក្សាគ្រឿងបំពាក់ ការរក្សាការសម្ងាត់និងសេចក្តីថ្លៃថ្នូររបស់កងទ័ព និងរួមសហការឲ្យបានល្អជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីថែរក្សាការពារតំបន់អភិរក្សព្រៃឈើធម្មជាតិនៅទូទាំងប្រទេស៕