(ព្រៃវែង)៖ ឯកឧត្តម វង្ស ពិសេន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកពារាំង បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបសកម្មភាពការងារគណបក្សស្រុកពារាំងប្រចាំខែមេសា និងលើកទិសដៅអនុវត្តបន្តខែឧសភា ឆ្នាំ២០២៤ នាព្រឹកថ្ងៃទី២៧ ខែមេសា ធ្នូ ឆ្នាំ២០២៤ នៅទីស្នាក់ការគណបក្សស្រុកពារាំង ខេត្តព្រៃវែង។
នៅក្នុងឱកាសនោះ ឯកឧត្តម វង្ស ពិសេន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីយកចិត្តទុកដាក់របស់មន្រ្តីក្រុមការងារ មន្ត្រីមូលដ្ឋានគ្រប់ថ្នាក់ ក្នុងការបម្រើប្រជាជន ហើយថ្មីៗនេះបានពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សង្គមបានល្អ បង្ករលក្ខណៈឲ្យប្រជាជនបានសប្បាយរីករាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ទាំងការដើរកំសាន្ត និងការលេងល្បែងប្រជាប្រិយ ប្រកបដោយស្មារតីជាតិនិយម ឆ្លុះបញ្ចាំងពីការដឹកនាំឈ្លាសវៃរបស់រាជរដ្ឋាភិបាល ដែលបានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាពពេញលេញ។
ឯកឧត្តម វង្ស ពិសេន បានជំរុញដល់អាជ្ញាធរមូលដ្ឋានបន្តយកចិត្តទុកដាក់រក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គមឲ្យបានល្អថែមទៀត ជាពិសេស អំពីគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ដោយអាជ្ញាធរគ្រប់ថ្នាក់ត្រូវខិតខំរួមសហការពង្រឹងពង្រីកសមត្ថភាព សកម្មភាព និងបង្កើនស្មារតីទទួលខុសត្រូវឲ្យបានខ្ពស់។
ជាមួយនោះ ឯកឧត្តម ប្រធានក្រុមការងារ ក៏បានផ្តាំផ្ញើដល់មន្ត្រីគណបក្សគ្រប់ថ្នាក់ ឲ្យបន្តយកចិត្តទុកដាក់ចុះជាប់ជាប្រចាំនៅមូលដ្ឋាន ជាពិសេសការជួបប្រាស្រ័យនៅតាមខ្នងផ្ទះ ដើម្បីដោះស្រាយរាល់សំណូមពរ បម្រើប្រជាជននៅមូលដ្ឋានឱ្យបានល្អ ទាំងលើការបម្រើសេវាសាធារណៈ ទាំងលើការអភិវឌ្ឍនៅមូលដ្ឋានលើគ្រប់វិស័យ សំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន៕