អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

ឯកឧត្តម វង្ស ពិសេន ដឹកនាំប្រជុំបូកសរុបលទ្ធផលការងាររបស់គណបក្សស្រុកពារាំងប្រចាំខែមិថុនា និងលើកទិសដៅអនុវត្តបន្តខែកក្កដា ឆ្នាំ២០២៤

(ព្រៃវែង)៖ ឯកឧត្តម វង្ស ពិសេន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកពារាំង ខេត្តព្រៃវែង នាព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ បានដឹកនាំសមាជិក សមាជិកា បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់គណបក្សស្រុកពារាំងប្រចាំខែមិថុនា និងលើកទិសដៅអនុវត្តបន្តខែកក្កដា ឆ្នាំ២០២៤ ដែលកិច្ចប្រជុំនេះធ្វើឡើងនៅទីស្នាក់ការគណបក្សស្រុកពារាំង។

ក្នុងឱកាសនោះ បន្ទាប់ពីលោក ឈុន សារ៉ាត់ ប្រធានគណបក្សស្រុកពារាំង បានអានរបាយការណ៍បូកសរុប និងសមាជិកក្នុងអង្គពិធីបានចូលមានមតិរួចមក ឯកឧត្តម វង្ស ពិសេន បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រឹងរបស់ប្រធាន អនុប្រធាន និងសមាជិកក្រុមការងារគណបក្សគ្រប់ថ្នាក់ ដែលបានយកអស់កម្លាំងកាយចិត្ត បំពេញការងារនៅមូលដ្ឋាន ប្រកបដោយការទទួលខុសត្រូវ និងសាមគ្គីភាពខ្ពស់។

ឯកឧត្តម បានថ្លែងរំលឹកដល់សមាជិកអង្គពិធីទាំងមូលឲ្យបន្តលើកកម្ពស់ស្មារតីចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពឲ្យបានជាប្រចាំ ដោយបង្កើនការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានានៅមូលដ្ឋាន ជាពិសេស បទល្មើសគ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ និងក្រុមបងធំ ជាដើម។

ជាមួយនោះ ឯកឧត្តមប្រធានក្រុមការងារ ក៏បានក្រើនរំលឹកដល់មន្ត្រីគណបក្ស និងអាជ្ញាធរមូលដ្ឋាន ត្រូវបន្តយកចិត្តទុកដាក់លើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងត្រូវតាមដានកម្ចាត់សត្វចង្រៃ “រុយស” ដែលបាននិងកំពុងបំផ្លាញដំណាំស្រូវកំពុងលូតលាស់របស់ប្រជាពលរដ្ឋ។

ឯកឧត្តម ក៏បានផ្តាំផ្ញើឲ្យបន្តពង្រឹងអង្គការចាត់តាំងបក្សនៅតាមភូមិឃុំ និងបន្តធ្វើវេទិកាសាធារណៈ ដើម្បីក្តាប់ជាប់សំណូមពររបស់ប្រជាពលរដ្ឋ និងមានវិធានការជួយដោះស្រាយទាន់ពេលវេលា ក្នុងនោះចូលរួមផ្សព្វផ្សាយដល់ប្រជាពលរដ្ឋអំពីថ្ងៃបើកការដ្ឋានសាងសង់ព្រែកជីក “ហ្វូណន តេជោ” នៅវេលាម៉ោង ៩:០៩នាទីព្រឹក ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ៕