អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

អគារសិក្សាកម្ពស់៤ជាន់ រួមនឹងទីចាត់ការ១ខ្នង ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តព្រឹទ្ធបណ្ឌិត ត្រូវបានបញ្ចុះបឋមសិលាសាងសង់នៅវិទ្យាល័យព្រៃព្នៅ

(ព្រៃវែង)៖ នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបញ្ចុះឋមសិលាសាងសង់អគារសិក្សា និងទីចាត់ការ នៅវិទ្យាល័យព្រៃព្នៅ ស្ថិតក្នុងស្រុកពារាំង ខេត្តព្រៃវែង។

តាមសេចក្តីរាយការណ៍របស់ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែងបានឲ្យដឹងថា សមិទ្ធផលថ្មី នៅក្នុងបរិវេណវិទ្យាល័យព្រៃព្នៅ ដែលត្រូវសាងសង់នាពេលនេះមាន៖ អគារសិក្សា ១ខ្នង កម្ពស់ ៤ជាន់ ស្មើនឹង ៣២បន្ទប់ រួមនឹងទីចាត់ការ ១ខ្នង មាន៣បន្ទប់ ជាចំណងដៃថ្មី និងជាប្រវត្តិសាស្រ្តរបស់ស្រុកពារាំង ដែលសម្ដេចតេជោ និងសម្ដេចគតិព្រឹទ្ធបណ្ឌិត បានផ្តល់ជូនតាមសំណូមពររបស់យុវសិស្ស សាយ ស៊ីណា ដែលបានច្រៀងបទ “ស្ពានសាងស្នេហ៍”ក្នុងកម្មវិធីប្រឡងជ្រើសរើសយុវជនឆ្នើម និងធ្វើឱ្យសម្តេចទាំងទ្វេពេញចិត្តចំពោះអត្ថន័យនិងទឹកដមសម្លេងដ៏ពិរោះរបស់យុវសិស្ស។

មានមតិនាឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានបានពាំនាំការសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំ ផ្ញើជូនប្រជាពលរដ្ឋនៅទូទាំងខេត្តព្រៃវែង និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានឧបត្ថម្ភអគារសិក្សា និងទីចាត់ការនៅវិទ្យាល័យព្រៃព្នៅ ជាកាយវិការប្រកបដោយព្រហ្មវិហារធម៌ អាណិតស្រលាញ់ ដែលសម្តេចទាំងទ្វេតែងមានចំពោះប្រជាពលរដ្ឋទូទៅ។

ឯកឧត្តម បានលើកឡើងពីស្មារតីប្រកបដោយឧត្តមគតិស្នេហាជាតិដ៏មោះមុតរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានយកជីវិតធ្វើជាដើមទុន ក្នុងការដឹកនាំការតស៊ូប្រយុទ្ធវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងទួលបានជ័យជម្នះជាប្រវត្តិសាស្ត្រ នាថ្ងៃទី៧ មករា ឆ្នាំ១៩៧៩ បានសង្គ្រោះជាតិរស់ឡើងវិញ និងដណ្តើមបានមកវិញនូវសិទ្ធិសេរីភាពគ្រប់បែបយ៉ាងជូនជាតិ និងប្រជាជនកម្ពុជាទាន់ពេលវេលា។

ឯកឧត្តម បញ្ជាក់ថា សមិទ្ធផលធំៗជាប្រវត្តិសាស្ត្រក្នុងការស្តារ កសាង និងអភិវឌ្ឍសង្គមជាតិ បានចាប់ផ្តើមពីស្ថានភាពអន្តរាយខ្ទេចខ្ទីដោយរបបប្រល័យពូជសាសន៍ និងសង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ មកកាន់ស្ថានភាពប្រទេសជាតិមានសន្តិភាព ឯកភាពជាតិពេញលេញ និងមានការផ្លាស់ប្តូររីកចម្រើនលើគ្រប់វិស័យ ហើយសន្តិភាពដែលមានរយៈពេល២៦ឆ្នាំ បានអនុញ្ញាតឱ្យកម្ពុជាប្រមូលផ្តុំធនធានគ្រប់យ៉ាង និងកម្លាំងជាតិទាំងមូល ដើម្បីអភិវឌ្ឍប្រទេសឲ្យមានការរីកចម្រើនយ៉ាងលឿន។

«សម្តេចតេជោ ហ៊ុន សែន ជាវីរបុរសស្នេហាជាតិ ជាអគ្គមគ្គុទ្ទេសក៍ឯកនៃសន្តិភាព និងការអភិវឌ្ឍជាតិកម្ពុជា ជាអ្នកធានាការពារអធិបតេយ្យជាតិ បូរណភាពទឹកដីយ៉ាងរឹងមាំ សង្គ្រោះនិងលើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋ និងកាន់តែផ្តល់ទំនុកចិត្តដល់ប្រជាពលរដ្ឋខ្មែរឱ្យរស់នៅក្នុងសង្គមដែលមានភាពសុខដុមរមនា និងទទួលបានមនុញ្ញផលនៃសន្តិភាព»”។ នេះជាការបញ្ជាក់របស់ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន។

ឯកឧត្តម បន្តថា បច្ចុប្បន្នដំណើរការជាតិកំពុងបន្តប្រព្រឹត្តទៅដោយភាពវិជ្ជមាន ក្នុងស្មារតីរក្សាដាច់ខាតនូវនិរន្តរភាពជាតិ សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រទេសជាតិ ត្រូវបានធានាយ៉ាងរឹងមាំដោយរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានបន្តដឹកនាំនាវាកម្ពុជា ឲ្យដំណើរយ៉ាងលឿនទៅមុខ ក្នុងនោះបានផ្តោតជាសំខាន់ដល់ការវិនិយោគលើវិស័យអប់រំ ដើម្បីកសាងមូលធនមនុស្ស ប្រែក្លាយសង្គមកម្ពុជាឱ្យរីកចម្រើនផ្អែកលើចំណេះដឹង ចំណេះធ្វើជាមូលដ្ឋាន។

ឯកឧត្តម បានអំពាវនាវឲ្យប្រជាពលរដ្ឋ រួមសាមគ្គីគ្នាជាធ្លុងមួយការពារឱ្យបានរឹងមាំសន្តិភាព និងមានទំនុកចិត្តយ៉ាងមុតមាំដល់រាជរដ្ឋាភិបាល ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ បានខិតខំយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សាការពារសន្តិភាព ដើម្បីផ្តល់ឱកាសកាន់តែច្រើនដល់ប្រជាពលរដ្ឋ ឱ្យប្រកបដោយស្នាមញញឹម ក្តីសង្ឃឹម និងលើកស្ទួយកម្រិតជីវភាពរបស់ប្រជាពលរដ្ឋជាបន្តបន្ទាប់។

ឯកឧត្តម ក៏បានអំពាវនាវដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ធ្វើការវាយគង ទូងស្គរ និងធ្វើតាមគ្រប់មធ្យោបាយដែលមាន ដើម្បីអបអរសាទរការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ក្រោមគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន សម្រាប់គុណប្រយោជន៍ធំធេងចំពោះជាតិ។

ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានផ្តល់ជូនអំណោយឧបត្ថម្ភរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត មាន៖ កុំព្យូទ័រ ១០គ្រឿង, ធុងបាស់ និងម៉ៃក្រូហ្វូនសម្រាប់មុខវិជ្ជាសិល្បៈ ១ឈុត, តារាងបាល់ទះ បាល់ទាត់ និងបាល់បោះ ១ឈុត, ចាក់សាបផ្លូវដើរចូលសាលារៀន, ធ្វើរបងសាលារៀនបន្ថែម ៥០ម៉ែត្រ, ស្លាយបញ្ចាំង ៥ឈុត, ម៉ាស៊ីនព្រីនធ័រ ៥គ្រឿង, ម៉ាស៊ីនថតចម្លងខ្នាតធំ ៥គ្រឿង និងអំពូលសូឡា ៥០០វ៉ាត់ ចំនួន ១០០គ្រាប់។

ជាមួយនោះ ឯកឧត្តម ក៏បានឧបត្ថម្ភសម្ភារៈ និងថវិកាដល់អ្នកចូលរួម ដែលមាន៖ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស មន្ត្រីសាលាស្រុក បុគ្គលិកពេទ្យ កងកម្លាំងប៉ុស្តិ៍ ប្រជាការពារ យុវជនកាយរិទ្ធ យុវជនកាកបាទក្រហម យុវជន ស.ស.យ.ក និងប្រជាពលរដ្ឋផងដែរ៕