អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អនុញ្ញាតឲ្យគណៈប្រតិភូ កងទ័ពជើងគោកហ្វីលីពីនចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

(ភ្នំពេញ)៖ រសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឱ្យឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉យ ហ្គាលីដូ (ROY M GALIDO) មេបញ្ជាការកងទ័ពជើងគោកហ្វីលីពីន និងគណៈប្រតិភូចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ។

ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានលើកឡើងពីស្ថានការណ៍មួយចំនួននៅកម្ពុជា ជាពិសេស កត្តាសន្តិភាពដែលកើតមានក្នុងរយៈពេល២៦ឆ្នាំចុងក្រោយនេះ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន បានបិទបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា តាមរយៈនយោបាយឈ្នះ-ឈ្នះ នាំមកនូវសន្តិភាពពេញលេញ មានការឯកភាពជាតិ ឯកភាពទឹកដី និងការអភិវឌ្ឍលើគ្រប់វិស័យ។

ឯកឧត្តម អគ្គមេបញ្ជាការ បានលើកឡើងពីស្ថានការណ៍កូវីដ-១៩ នៅកម្ពុជា និងព្រឹត្តិការណ៍សំខាន់ៗមួយចំនួនទៀត ដូចជាការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន ការប្រកួតកីឡាស៊ីហ្គេម ប៉ារ៉ាហ្គេម ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៧ និងការរៀបចំរាជរដ្ឋាភិបាលអាណត្តិថ្មី ដែលដឹកនាំដោយសម្ដេចបវរអធិបតី ហ៊ុន ម៉ាណែត ដែលបានចេញដំណើរដោយស្វាហាប់ និងភាពជឿជាក់របស់ប្រជាពលរដ្ឋកម្ពុជា។

លើការទំនាក់ទំនងរវាងប្រទេសទាំងពីរ ឯកឧត្តម អគ្គមេបញ្ជាការ បានអបអរសាទរខួបលើកទី១២៦ ថ្ងៃបុណ្យឯករាជ្យជាតិហ្វីលីពីន និងខួបលើកទី៦៧ នៃទំនាក់ទំនងការទូត ហ្វីលីពីន-កម្ពុជា ដែលនាំមកនូវផលប្រយោជន៍រវាងប្រទេសទាំងពីរ និងមោទនភាពចំពោះការរីកចម្រើននៃកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យនយោបាយ សេដ្ឋកិច្ច សន្តិសុខ ពាណិជ្ជកម្ម និងវិស័យការពារជាតិ ។

ដោយឡែកលើវិស័យយោធា ឯកឧត្តម បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ ដែលមានភាពល្អប្រសើរ ពិសេស វាងកងទ័ពជើងគោកកម្ពុជា និងកងទ័ពជើងគោកហ្វីលីពីន ដែលបានចុះអនុស្សារណៈជាមួយគ្នាកាលពីដើមខែមករា ឆ្នាំ២០២៣ ក្នុងគោលបំណងដើម្បីពង្រឹង ពង្រីកចំណងមិត្តភាពឱ្យកាន់តែជិតស្និទ្ធថែមទៀត។

ឯកឧត្តម អគ្គមេបញ្ជាការ បានថ្លែងអំណរគុណកងទ័ពហ្វីលីពីន ដែលបានជួយបណ្ដុះបណ្ដាលធនធានមនុស្សក្នុងកងយោធពលខេមរភូមិន្ទបងមក ក្នុងនោះបានផ្ដល់អាហារូបករណ៍សម្រាប់វគ្គបញ្ជាការសេនាធិការ វគ្គថ្មើជើង និងវគ្គជំនាញប្រយុទ្ធក្នុងទីប្រជុំជន ហើយថ្មីៗនេះបានធ្វើលំហាត់រួមគ្នាក្នុងការប្រឆាំងអំពើភេរវកម្មផងដែរ។

ក្រៅពីនេះ កងទ័ពប្រទេសទាំងពីរនៅបានផ្លាស់ប្ដូរទស្សនកិច្ចគ្នាទៅវិញទៅមកគ្រប់កម្រិត ព្រមទាំងការផ្លាស់ប្ដូរព័ត៌មានចារកម្មប្រ បង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន ភេរវកម្ម ការជួញដូរមនុស្ស ការជួញដូរគ្រឿងញៀន និងកិច្ចសហការជួយសង្គ្រោះគ្រោះអន្តរាយជាដើម។

ជាកិច្ចឆ្លើយតប ឯកឧត្តមឧត្តមសេនីយ៍ឯក រ៉យ ហ្គាលីដូ បានថ្លៃងអំណរគុណឯកឧត្តមអគ្គមេបញ្ជាការ ដែលបានឆ្លៀតពេលវេលាដ៏មានតម្លៃអនុញ្ញាតឲ្យគណៈប្រតិភូបានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងថ្លែងអំណរគុណចំពោះការចែករំលែកនយោបាយឈ្នះ ឈ្នះ ដែលជាមាគ៌ាឆ្ពោះទៅរកសន្តិភាព ក្នុងនោះកងយោធពលខេមរភូមិន្ទបានដើរតួនាទីយ៉ាងសំខាន់។

ឯកឧត្តម បានគូសបញ្ជាក់ថា កងទ័ពប្រទេសទាំងពីរគឺមានបំណងរួមតែមួយ ដើម្បីថែរក្សាសុខសន្តិភាពរបស់ប្រទេសនីមួយៗ ហើយការអនុវត្តគោលនយោបាយឈ្នះ ឈ្នះ របស់កម្ពុជាកន្លងទៅ គឺជាមាគ៌ាដ៏ល្អមួយសម្រាប់ការអភិវឌ្ឍន៍។

ឯកឧត្តម បានសម្ដែងនូវការពេញចិត្តចំពោះការងារដែលកងទ័ពកម្ពុជា-ហ្វីលីពីន បានអនុវត្តកន្លងមក ជាក់ស្ដែងដូចជាកម្មវិធីបិទវគ្គជំនាញប្រយុទ្ធក្នុងទីប្រជុំជន ថ្មីៗនេះ គឺជាសក្ខីភាពមួយដែលបង្ហាញពីកិច្ចសហប្រតិបត្តិការល្អរវាងកងទ័ពប្រទេសទាំងពីរ។

ឯកឧត្តម បានចាត់ទុកការធ្វើលំហាត់ជាមួយគ្នា គឺមានសារៈសំខាន់ និងមានផលប្រយោជន៍ជាច្រើន ដូចជា ការពង្រឹងមិត្តភាពរវាងប្រទេសទាំងពីរ ការពង្រឹងនៅជំនឿទុកចិត្តរវាងគ្នានឹងគ្នា ក៏ដូចជាការពង្រឹងនូវសមត្ថភាពរបស់កងទ័ពប្រទេសទាំងពីរផងដែរ៕